Connect with us

ព័ត៌មានជាតិ

ឯកឧត្តម សៀក សុជាតិ ចុះពិនិត្យសកម្មភាពការងារ មន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

បន្ទាយមានជ័យ ៖ ឯកឧត្តម សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារទី២ គណៈកម្មការចំពោះកិច្ច នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូចុះពិនិត្យសកម្មភាពការងាររបស់មន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងបានណែនាំពីប្រសិទ្ធិភាពការងារមួយចំនួន។

ឯកឧត្តម សៀក សុជាតិ ក្រៅពីលើកយកប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការចំពោះកិច្ច ជូនដល់អង្គប្រជុំជ្រាប បានលើកឡើងទៀតថា ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត គឺជា ច្រកទ្វារព្រំដែនដែលមានភ្ញៀវជាតិ អន្តរជាតិចេញចូលច្រើន ពិសេសប្រជាពលរដ្ឋខ្មែរដែលជាអាជីវករចូលព្រឹក វិលល្ងាចលក់ដូរក្នុងផ្សាររុងក្លឿ និងផ្សារដទៃទៀតក្នុងប្រទេសថៃ ។ សកម្មភាពចេញចូលនេះ បានបង្កជាសកម្មភាពមម៉ាញឹកដល់ច្រកនិងសមត្ថកិច្ច។

ឯកឧត្តមថា ទោះបីជាស្ថិតក្នុងភាពមម៉ាញឹកយ៉ាងណាក៏ដោយ សមត្ថកិច្ចច្រកទ្វារទាំងអស់ ត្រូវតែយកចិត្តទុកដាក់ បំពេញកាតព្វកិច្ច និងតួនាទីរបស់ខ្លួនឱ្យអស់កម្លាំងកាយចិត្ត ធ្វើយ៉ាងណាឱ្យការបំពេញបែបបទ និងការងារប្រថាប់ត្រាបានលឿនរហ័សនិងមិនមានការកកស្ទះ ដែលជាហេតុនាំឱ្យមានការយឺតយ៉ាវដល់ការឆ្លងកាត់របស់ភ្ញៀវនិងពលរដ្ឋជាអាជីវករ។

ជាមួយនោះឯកឧត្តម សៀក សុជាតិ ក៏បានលើកឡើងពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និងភាពរីកចម្រើនដែលផ្តើមចេញពីកត្តាសុខសន្តិភាពដែលរកបានដោយកម្ររបស់ស្ថាបនិកសន្តិភាព គឺ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង បានប្រកាសអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព ព្រមទាំងបានកំណត់យកអាទិភាពគន្លឹះ ៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា របស់រាជរដ្ឋាភិបាលកម្ពុជាអណត្តិទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត មន្ត្រីរាជការក៏ដូចសមត្ថកិច្ចមានភាពងាយស្រួលនិងលឿនរហ័សដោយមានការរីកចម្រើននៃបច្ចេកវិទ្យា។

លោកឧត្តមសេនីយ៍ត្រី អ៉ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានឱ្យដឹងផងដែរថា បច្ចុប្បន្នប៉ុស្តិ៍ទើបបានធ្វើការសាងសង់បន្ថែមនូវបញ្ជរចំនួន១៤បន្ថែមទៀត ក្នុងនោះ៥បញ្ជរនៅផ្នែកប័ណ្ណព្រំដែនចេញពីប្រទេសសម្រាប់ប្រជាពលរដ្ឋទូទៅ និង៩ បញ្ជរទៀតសម្រាប់ប្រថាប់ត្រា(ចេញ០៥ ចូល០៤) ដែលបញ្ជរទាំងនេះបានសង់ស្របតាមដងផ្លូវក្រោមអគារសម្រាប់ប្រជាពលរដ្ឋខ្មែរ-ថៃ ប្រើប្រាស់យានជំនិះគ្រប់ប្រភេទជាមធ្យោបាយចេញ-ចូលប្រទេសប្រចាំថ្ងៃ ។

លោកឧត្តមសេនីយ៍ត្រី ក៏បានបញ្ជាក់ឱ្យដឹងបន្ថែមថាគោលបំណងដែលប៉ុស្តិ៍សាងសង់បញ្ជរប្រថាប់ត្រាប័ណ្ណព្រំដែនបន្ថែម គឺ ដើម្បីពន្លឿនការប្រថាប់ត្រាប័ណ្ណព្រំដែនជូនអ្នកដំណើរចេញ-ចូលប្រទេស ឱ្យបានឆាប់រហ័សគ្មានការកកស្ទះ ជាពិសេសបង្កភាពងាយស្រួលដល់ជនពិការ អ្នកជំងឺ ស្រ្តីមានផ្ទៃពោះ កុមារ ចាស់ជរា ព្រះសង្ឃ និងសិក្សានុសិស្ស ៕