Connect with us

ព័ត៌មានជាតិ

អាកាសធាតុក្តៅ សិស្សសាលា ត្រូវបាននាយកណែនាំឲ្យប្រើក្រម៉ា ជ្រលក់ទឹកដាក់លើក្បាល

បន្ទាយមានជ័យ ៖ តាមរយៈការបង្ហោះហ្វេសប៊ុកផ្លូវការរបស់ឈ្មោះ វិចិត្រ តារា នាយកសាលាបឋមសិក្សាគំរូ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ មាតាបិតាសិស្សទាំងអស់មេត្តាដាក់កន្សែងពោះគោ តូចល្មមទុកឲ្យកូនជ្រលក់ទឹកស្អំពេលមករៀន ដើម្បីកាត់បន្ថយកំដៅ និងណែនាំឲ្យកូនៗ ញ៉ាំទឹកឲ្យបានច្រើន ។

ទាក់ទងនឹងវិធានការនេះ ដោយសារតែបញ្ហាអាកាសធាតុ នៅខេត្តបន្ទាយមានជ័យ មានកំដៅខ្លាំងរហូតដល់ ៤៣អង្សា ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពកុមារ ។

ជុំវិញអាកាសធាតុក្តៅនេះ មិនមែនត្រឹមតែសាលាបឋមសិក្សាគំរូ ស្រុកមង្គលបូរីនេះទេ សូម្បីតែ សាលារៀនមួយចំនួននៅក្នុងសិរីសោភ័ណ ដូចជា សាលាបឋមសិក្សាសិរីសោភ័ណ គ្រូៗ ក៏បានតម្រូវឲ្យសិស្សយកកូនក្រម៉ាតូចៗ ដើម្បីជ្រលក់ទឹកសម្រាប់ជូតខ្លួន និងដាក់នៅក្បាលផងដែរ ។

បើតាមការសាកសួរ ទៅលើអាណាព្យាបាល មួយចំនួនវិញ ក៏បានឲ្យដឹងដែរថា ចាប់តាំងពីអាកាសធាតុក្តៅមក ពួកគាត់តែងតែប្រយ័ត្នចំពោះបញ្ហាសុខភាពរបស់កូនចៅណាស់ ដោយពួកគាត់តែងតែ ច្រកទឹកទុកឲ្យកូនៗ ផឹកឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន និងតែងណែនាំកូន មិនឲ្យរត់លេង ឬចេញក្រៅថ្នាក់ ជៀសវាងការប៉ះពាល់នូវកំដៅថ្ងៃក្តៅធ្ងន់ធ្ងរ ខណៈថ្ងៃកំពុងក្តៅខ្លាំង ។ ហើយមួយទៀត គឺ បានណែនាំកូនៗ កុំឲ្យញ៉ាំចំណីអាហារ ដែលមិនសមរម្យ អាចងាយក្អក ឬក៏អាចធ្វើឲ្យប៉ះពាល់សុខភាព ដូចជា របស់ស្ងួតៗ ប្រឡាក់គ្រៀមៗ និងនំកញ្ចប់ដែលមិនមានប្រភពច្បាស់លាស់ ។

ជាមួយគ្នានេះដែរ ក្រសួងអប់រំយុវជន និងកីឡា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ បានចេញលិខិតជម្រាបជូនដល់លោក លោកស្រីប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានីខេត្ត អំពី ការអនុវត្តម៉ោងបង្រៀន និងរៀននៅក្នុងរដូវប្រាំងដែលមានអាកាសធាតុក្តៅខ្លាំង ដោយចាត់ចែងអនុវត្តដូចតទៅ ៖
-ពេលព្រឹកចូលរៀនម៉ោង ៧៖០០ ចេញម៉ោង ១០៖០០។
-ពេលរសៀល ចូលម៉ោង ២៖០០ ចេញម៉ោង ១៧៖០០។
-ក្នុងម៉ោងសិក្សាលោកគ្រូ អ្នកគ្រូ ឲ្យសិស្សឈប់សម្រាក ឬចេញលេងរយៈពេល ១៥នាទី។
-គ្រឹះស្ថានសិក្សាត្រូវត្រៀមទឹកសម្រាប់គ្រូបង្រៀន និងសិស្សប្រើប្រាស់ និងណែនាំសិស្សឲ្យយកទឹកឆ្អិនពីផ្ទះមកទទួលទាន។
-ក្នុងករណីសីតុណ្ហភាពឡើងខ្លាំងលើសពីការគ្រប់គ្រង គ្រឹះស្ថានសិក្សាមានសិទ្ធិក្នុងការសម្រេចជាក់ស្តែង។
-អនុវត្តតាមគោលការណ៍ដែលមានស្រាប់វិញ នៅពេលផុតរដូវក្តៅ ៕