Connect with us

ព័ត៌មានជាតិ

ជនសង្ស័យ ២នាក់ប្តីប្រពន្ធ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ខ្លួនពាក់ព័ន្ធបទល្មើសគ្រឿងញៀន

បន្ទាយមានជ័យ ៖ កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការឃាត់ខ្លួន ប្តីប្រពន្ធ២នាក់ បញ្ជូនទៅតុលាការ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ពាក់ព័ន្ធបទល្មើស រក្សាទុក និងជួញដូរគ្រឿងញៀន ជាង៨០០គ្រាប់ ។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរង កងរាជឣាវុធហត្ថខេត្ត ទទួលការងារបទល្មើសគ្រឿងញៀនបានប្រាប់ឱ្យដឹងថា ជនសង្ស័យទាំង២នាក់មានឈ្មោះ ស្រី ហៃ ហៅស្រីហុង ភេទស្រី ឣាយុ៥៩ឆ្នាំ និងឈ្មោះ ឈឹម សុម៉េត ហៅម៉េត ទាំង២នាក់ជាប្តីប្រពន្ធនឹងគ្នា មានទីលំនៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ ជាមេបញ្ជាការក្រុង ធ្វើការឃាត់ខ្លួនបាន កាលពីវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នៅក្រុងប៉ោយប៉ែត ។

លោកបន្តថា ប្រតិបត្តិការនេះ  សមត្ថកិច្ចបានដកហូតនូវវត្ថុតាងមួយចំនួន ដូចជា ៖ គ្រាប់ថ្នាំពណ៌ក្រហមក្បឿង (WY) ចំនួន៣ថង់កិប ស្មើនឹង៨៤៨គ្រាប់, កូនថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន, ទូរស័ព្ទដៃ ចំនួន០៣គ្រឿង, ខ្សែរករលោហធាតុ ចំនួន១ខ្សែរ, ខ្សែរដៃលោកហធាតុ ចំនួន០១ខ្សែរ, ចិញ្ចៀនលោហធាតុ ចំនួន០១វង់, ម៉ូតូឃ្លីក ចំនួន០១គ្រឿង និងប្រាក់បាតចំនួន២ពាន់បាត រួមនឹងសំភារៈមួយចំនួនទៀតផងដែរ ។

ក្រោយឃាត់ខ្លួន និងសាកសួរ ជនសង្ស័យរួនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕