Connect with us

ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ សៅ សុខា ៖ មេបញ្ជាកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ត្រូវយកចិត្តដាក់អនុវត្តតួនាទី ភារកិច្ចស្នូល គោរពច្បាប់ឱ្យបានម៉ឺងមាត់ ស្មោះត្រង់ចំពោះជាតិ និងប្រជាជន

កំពង់ស្ពឺ ៖ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែង ក្រើនរំលឹកដល់មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺដែលទើបតែងតាំងថ្មី ឱ្យយកចិត្តដាក់អនុវត្តតួនាទី ភារកិច្ចស្នូល គោរពច្បាប់ឱ្យបានម៉ឺងមាត់ ស្មោះត្រង់ចំពោះជាតិនិងប្រជាជន។

ការណ៍នេះធ្វើឡើងក្នុងពិធីប្រកាសផ្ទេរ និងតែងតាំងមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។

នាយឧត្តមសេនីយ៍ សៅ សុខា បានលើកឡើងថា ការតែងតាំង តំឡើង ផ្លាស់ប្តូរមុខតំណែង កន្លែងធ្វើការ នៅក្នុងកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល ក៏ដូចជាវិស័យឯកជន វាគឺជាក្រឹត្យក្រមនៃការងារចាត់តាំង រៀបចំធនធានមនុស្ស ដើម្បីភាពរីកចម្រើនការងារ និងក៏ជាឱកាសនៃការផ្លាស់ប្តូរបរិយាកាស ទីកន្លែងធ្វើការងារនិងការផ្លាស់ប្តូរមុខតំណែង ហើយស្របទៅតាមអត្ថប្រយោជន៍ ៤ជាគន្លឹះ១-ដើម្បីការពារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់នាយទាហាន ២-រៀបចំធនធានមនុស្សឱ្យស្របនឹងសមត្ថភាពជំនាញនិងនិស្ស័យ ៣-ជាការផ្តល់ឱកាសសម្រាប់អ្នកបន្តវេន និង៤-ជាការចែករំលែកបទពិសោធន៍ល្អ ក្នុងបំណងធ្វើឱ្យអង្គភាព ស្ថាប័ន មានការរីកចម្រើនព្រមៗគ្នា។

នាយឧត្តមសេនីយ៍ សៅ សុខា បានគូសបញ្ជាក់បន្ថែមថា លក្ខខណ្ឌក្នុងការតែងតាំងនាយទាហាន ដឹកនាំបញ្ជាក៏ដូចជាប្រធានបណ្តាស្ថាប័នក្នុងកងរាជអាវុធហត្ថ ក៏ទាមទារនូវលក្ខណៈសម្បត្តិផងដែរគឺសុខភាពល្អ កាយសម្បទាមាំមួន មានសមត្ថភាព វិជ្ជាជីវៈ ជំនាញនិងបទពិសោធន៍ ក្នុងការដឹកនាំបញ្ជា គ្រប់គ្រង និងមានភាពឆ្លាតវៃ មានសីលធម៌ សុជីវធម៌ គុណធម៌ មានភាពស្មោះត្រង់ មានឆន្ទៈ មានការលះបង់ខ្ពស់ ធ្វើជាគំរូឧស្សាហ៍ព្យាយាម មានភាពក្លាហាន និងមានស្មារតីទទួលខុសត្រូវ ចំពោះតួនាទី ភារកិច្ច ពុំធ្លាប់ទទួលទណ្ឌកម្មតាមច្បាប់លក្ខន្តិកៈ នៃកងយោធពលខេមរភូមិន្ទ ឬការផ្តន្ទាទោសតាមផ្លូវតុលាការ ព្រមទាំងទទួលបាននូវការគោរពស្រឡាញ់ ពីមិត្តភក្តិក្នុងអង្គភាព មហាជន និងប្រជាជនផងដែរ។

ជាមួយនិងការលើកឡើងនោះ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា បានដាស់តឿននិងក្រើនរំលឹកដល់មេបញ្ជាការកងរាជអាវុធហត្ថដែលទើបប្រកាសចូលកាន់តំណែងថ្មី ត្រូវយល់ដឹងនិងអនុវត្តលើភារកិច្ច ៧ចំណុចរួមមាន៖ការហូបចុក ស្លៀកពាក់ ការស្នាក់នៅ សុខភាព ការអប់រំរៀនសូត្រ មធ្យោបាយធ្វើដំណើរ ការកំសាន្តសប្បាយ និងការដោះស្រាយទុក្ខលំបាក ថែទាំមធ្យោបាយ បរិក្ខានិងគ្រឿងបំពាក់ គ្រប់គ្រងអចលនទ្រព្យ ដំណើរការ ការងារតាមបែបបទរដ្ឋបាលនិងឋានានុក្រមកងទ័ព ការងារកសាងអង្គភាព ទីកន្លែងធ្វើការងារ ទីកន្លែងអប់រំ ហ្វឹកហ្វឺន រៀនសូត្រ ទីកន្លែងសម្រាប់ការស្នាក់នៅ ហូបចុករបស់កងទ័ពក្នុងអង្គភាព ការងារដឹកនាំ គ្រប់គ្រង បញ្ជាអង្គភាពឱ្យមានសណ្តាប់ធ្នាប់ កងទ័ពត្រូវមានវិន័យល្អ ផ្ទៃក្នុងត្រូវមានសាមគ្គីឯកភាព មានស្មារតីឆន្ទៈ មានមនសិការ មានភាពស្មោះត្រង់ អង់អាចក្លាហាន ឧស្សាហ៍ព្យាយាម និងយល់ច្បាស់នូវតួនាទី ភារកិច្ច ហើយទន្ទឹមនោះត្រូវស្មោះត្រង់ចំពោះប្រទេសជាតិ ប្រជាជន និងត្រូវគោរពច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត ជាងនេះទៀតត្រូវអនុវត្តឱ្យបាននូវទិសស្លោក(ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប)។

សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អតីតមេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវបានតែងតាំងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ជំនួសលោកឧត្តមសេនីយ៍ត្រី ជូ សារុន ដែលត្រូវតែងតាំងជានាយរងសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស៕

ដោយ ៖ ប៊ុត សារុន