Connect with us

ព័ត៌មានជាតិ

ទំនាស់ពាក្យសំដីក្លាយជាហិង្សា ម្នាក់ស្លាប់ ម្នាក់ដេកពេទ្យ ម្នាក់ជាប់ខ្នោះ អាវុធហត្ថក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ​ ៖ ជនសង្ស័យម្នាក់ត្រូវបាន កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួន ក្នុងករណីហិង្សាប្រើញញួរវាយទៅលើ ជនរងគ្រោះ២នាក់ បណ្តាលឲ្យស្លាប់ និងរបួសធ្ងន់ ផ្តើមចេញពីទំនាស់ពាក្យសំដីក្នុងវង់ផឹកស៊ី ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត បានឱ្យដឹងថា​ នៅវេលាម៉ោង១២ និង៥៥នាទី  ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះស្រាជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់​ឈ្មោះ​ នឹម កុយ (ហៅម៉ាប់)​ ភេទប្រុស អាយុ៤២ឆ្នាំ​ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ករណីហិង្សាដោយចេតនា ស្ថានទម្ងន់ទោសដោយសារមរណភាពនៃជនរងគ្រោះ ដែលប្រព្រឹត្តកាលពីវេលាម៉ោង១៧និង២០នាទី ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចទល់មុខក្លឹបកម្សាន្ត ស្តាស៊ី ធី ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​បានឱ្យដឹងថា​ តាមការរៀបរាប់របស់ដេីមបណ្តឹង​ឈ្មោះ​ សេង វាសនា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ បច្ចុប្បន្នស្នាក់នៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា នៅថ្ងៃកេីតហេតុ​ ពួកគេមានគ្នាចំនួន០៥នាក់ រួមជាមួយនិងឈ្មោះ​ សាក់​ (ជនរងគ្រោះដែលស្លាប់)​ បាននាំគ្នាទៅអង្គុយផឹកស្រាថ្នាំនៅផ្ទះរបស់ឈ្មោះ​ ទូច បន្ទាប់មកទៀតបាននាំគ្នាទៅផឹកបន្តនៅវាលស្មៅទល់មុខក្លឹបកម្សាន្តស្តាស៊ីធី ដែលជាកន្លែងដែលពួកខ្លួនរើសអេតចាយ ពេលនោះជនដៃដល់ឈ្មោះ​ ម៉ាប់ (នឹម កុយ) បានជិះកង់មកដល់កន្លែងជនរងគ្រោះអង្គុយ​ និងបានសុំផឹកជាមួយគ្នា​ លុះក្រោយមកជនរងគ្រោះឈ្មោះ​ សាក់(ស្លាប់)​ និងជនដៃដល់ បានទាស់ពាក្យសំដីគ្នា ជនសង្ស័យបានដើរទៅយកញញួរ ពីក្នុងការ៉ុងរើសអេតចាយ វាយទៅលេីជនរងគ្រោះឈ្មោះ​ សាក​ ពីខាងក្រោយ ត្រូវចំក្បាលជាច្រេីនញញួរ​ បណ្តាលឱ្យបែកឈាមស្លាប់​ភ្លាមៗនៅនឹងកន្លែង ។ ចំណែកដេីមបណ្តឹង​ (ឈ្មោះ​ សេង វាសនា)​ ក៏ត្រូវជនដៃដល់វាយចំនួន០២ញញួរដែរ ត្រូវចំក្បាលបណ្តាលឱ្យរងរបួសធ្ងន់ផងដែរ។

លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​ បានបញ្ជាក់ថា​ ក្រោយឃាត់ខ្លួន ជនសង្ស័យ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ កាលពីរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕