Connect with us

ព័ត៌មានជាតិ

ម្ចាស់រថយន្តដឹកទំនិញរិះគន់ថានគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិដូង យកលុយក្បាលឡានក្នុងមួយគ្រឿង ២០០០០រៀលដោយមិនដឹងមូលហេតុ

ខេត្តបាត់ដំបង! ម្ចាស់រថយន្តដឹកទំនិញជាច្រើននាក់បានរិះគន់ខ្លាំងៗទៅលើមន្ត្រីប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិដូង ថាបានអង្គុយយកលុយក្បាលឡានដឹកទំនិញ និងកសិផលផ្សេងៗក្នុងមួយគ្រឿង ២០០០០រៀលដោយមិនដឹងមូលហេតុ។

តាមការអោយដឹងពីម្ចាស់រថយន្តដឹកទំនិញចេញចូលតាមច្រកទ្វារព្រំដែនអន្តរជាតិដូង+ឡែម ស្ថិតក្នុងស្រុកកំរៀង នៃខេត្តបាត់ដំបង បានបង្ហើបប្រាប់អោយក្រុមអ្នកយកព័ត៌មានយើងថា ជារៀងរាល់ថ្ងៃពួកគាត់តែងតែចំណាយលុយយ៉ាងច្រើនទៅលើការបង់អោយមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ដោយសរុបបងអោយសមត្ថកិច្ចទាំងអស់អស់៣៥០០០រៀលក្នុងនោះពិសេសមន្ត្រីប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍តែម្តងដោយក្នុងមួយក្បាលឡានត្រូវបង់២០០០០រៀលដែលក្នុងមួយថ្ងៃៗរាប់រយឡានមិនដឹងថាយកថ្លៃសេវាអ្វីនោះទេ ប្រហែលជាគោលការណ៍ថ្នាក់លើតម្រូវអោយយក ឬក៏គេយកជារបៀបត្រីងៀតឆ្លៀតពង ព្រោះការយកលុយនោះមិនមានចេញក្បាលប័ណ្ណ ឬក៏ក្រដាស់ស្នាមអ្វីឡើយ។

ពាក់ព័ន្ធទៅនឹងការលើកឡើងខាងលើ លោក ផាត់ វីរះ ប្រធានប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ប្រចាំការច្រកទ្វារព្រំដែនអន្តរជាតិដូង រហូតមកដល់ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ ខាងអ្នកយកព័ត៌មានយើងមិនអាចសុំការបំភ្លឺអ្វីបានទេ ព្រោះទូរស័ព្ទចូលច្រើនដងមិនមានអ្នកទទួល។

សូមបញ្ជក់ថាតាមតួលេខជាមធ្យោមក្នុងមួយថ្ងៃមានរថយន្តទាំងថៃនិងខ្មែរចេញចូលប្រមាណជាងបីរយគ្រឿង។