សុខភាព
មន្ដ្រីជំនាញរកឃើញសារធាតុគីមី ក្នុងគ្រឿងសមុទ្រពីក្រុមឈ្មួញលក់នៅតាមផ្លូវត្រឡោកបែក
ភ្នំពេញ៖ មន្ដ្រីជំនាញចុះពិនិត្យរកឃើញគ្រឿងសមុទ្រដែលតាំងលក់ នៅតាមបណ្តោយផ្លូវត្រឡោកបែក មានផ្ទុកសារធាតុគីមីហាមឃាត់ ដែលបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាពរបស់អ្នកបរិភោគ ចំនួន៦៨គីឡូក្រាម។
ប្រតិបត្តិការចុះពិនិត្យនេះ មន្ដ្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងមន្រ្តីមូលដ្ឋានបានប្រតិបត្តិការចុះត្រួតពិនិត្យផលិតផលទំនិញ ម្ហូបអាហារ ផលិតផលប្រើប្រាស់ ដោយប្រើប្រាស់រថយន្តពិសោធន៍ចល័ត ផ្នែកម្ហូបអាហារ លក់ដូរគ្រឿងសមុទ្រ នៅតាមបណ្តោយផ្លូវត្រឡោកបែក និងអូរបែកក្អម ដើម្បីចៀសវាងការខាតបង់ផលប្រយោជន៍ និងអាចប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ជាដើម។
មន្ដ្រីជំនាញ ដែលចុះពិនិត្យផ្ទាល់ បានឲ្យដឹងថា៖ «ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានស្រង់យកគំរូបានចំនួន ៤៨ មកវិភាគនៅរថយន្តពិសោធន៍។ ជាលទ្ធផលបានរកឃើញមានវត្តមានសារធាតុគីមីហាមឃាត់ចំនួន ៣គំរូ ជាប្រភេទមឹកបកធំ ត្រូវបានដកហូតចំនួន ៦៨គីឡូក្រាម និងទំនិញខូចគុណភាពហួសកាលបរិច្ឆេទចំនួន ៩គីឡូក្រាមជាមួយវិធានពិន័យអន្តរការណ៍»។
យ៉ាងណាក៏ដោយ មន្ដ្រីជំនាញ ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ ចូលរួមសហការផ្តល់ព័ត៌មាន ក្នុងករណីមានការសង្ស័យពាក់ព័ន្ធការក្លែងបន្លំគុណភាព សុវត្ថិភាព ទំនិញ និងសេវាកម្មជាដើមនោះ៕