Connect with us

ព័ត៌មានជាតិ

ជិះម៉ូតូរត់គេចពី ក្រុមក្មេងស្ទាវដេញវ៉ៃ ជ្រុលទៅបុករបងសាលា ពេញទំហឹងបណ្តាលអោយរបួសធ្ងន់ ២នាក់

បាត់ដំបង ៖ បុរស០២នាក់ បានរងរបួសធ្ងន់ ក្រោយជិះម៉ូតូរត់គេចពីក្រុមក្មេងស្ទាវដេញវ៉ៃ នៅវេលាម៉ោងជិត ១២និង០០នាទីអាធ្រាត ថ្ងៃទី០២ ឈានចូលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ នៅតាមកំណាត់ផ្លូវក្បែររង្វង់មូលលោកតាដំបងក្រញូង ស្ថិតក្នុងភូមិរតន: សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សាក្សីនៅកន្លែងកើតហេតុ បានប្រាប់ថា ដំបូងឡើយគេបានឃើញហ្វូងម៉ូតូចំនួន ២ក្រុម ដោយម៉ូតូខាងភាគីបង្កជិះម៉ូតូ ៣គ្រឿង មានគ្នាចំនួន០៩នាក់ និងភាគីជនរងគ្រោះជិះម៉ូតូ០២គ្រឿងជិះគ្នា០៤នាក់ ក្នុងនោះគេបានឃើញប្រដាប់ដោយខ្សែក្រវាត់ និងកំណាត់ដំបង បានធ្វើសកម្មភាពជិះម៉ូតូយ៉ាងលឿនដេញវ៉ៃគ្នា ចុងក្រោយភាគីខាងជនរងគ្រោះលើម៉ូតូមួយគ្រឿងបានជ្រុលចង្កូតទៅបុករបងសាលារៀនទាំងកំរោលនិងប៉ះជាមួយចម្រឹងដែកបណ្តាលឲ្យរបួសដាច់រង្វះមាត់ ច្រមុះ និងផុងលលាក្បាលជាច្រើនកន្លែងដង្ហើមចង្រិតនៅនឹងកន្លែង និងបក្សពួក ២នាក់ទៀតបានជិះម៉ូតូគេចខ្លួនបាត់ស្រមោល ដោយឡែកក្រុមក្មេងជាជនបង្កដែលជិះម៉ូតូ០៣គ្រឿងមានគ្នា ០៩នាក់ក្រោយពេលកើតហេតុបានគេចខ្លួនបាត់ជាបន្តបន្ទាប់ផងដែរ។

ក្រោយពេលកើតហេតុករណីខាងលើនេះសមត្ថកិច្ចបានបញ្ជាក់ថា មកទល់ព្រឹកនេះក្រុមក្មេងស្ទាវទាំង០២ក្រុមខាងលើនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ហើយនៅចំពោះមុខកម្លាំងជំនាញកំពុងតាមដានស៊ើបអង្កេតបន្ត៕
ដោយ ៖ សាលី