Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន ចុះពិនិត្យការងាររៀបចំតុបតែងរមណីយដ្ឋានធម្មជាតិ ដើម្បីទទួលភ្ញៀវទេសចរនាឱកាសបុណ្យចូលឆ្នាំសកល

ខេត្តប៉ៃលិន ៖ ចុងសប្តាហ៍នេះលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ បានអញ្ជើញចុះពិនិត្យមើលការរៀបចំសោភ័ណភាព និងអនាម័យបរិស្ថាន នៅរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវ អូរតាវ៉ៅ ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ នាឱកាសបុណ្យឆ្លងឆ្នាំសាកល នាពេលខាងមុខឆាប់ៗនេះ ។

ប្រភពព័ត៌មានបានឱ្យដឹងថា ៖ គ្រាន់តែឈានចូលមកដល់ដើមខែធ្នូនេះភ្លាម លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចាត់ចែងក្រុមការងារឱ្យចុះរៀបចំតុបតែងកែលម្អសោភ័ណភាព និងបរិស្ថានល្អតាមទីសាធារណៈ ដូចជានៅតាមតំបន់រមណីយដ្ឋានទេសចរណ៍នានា ក្នុងខេត្តជាពិសេសគឺនៅរមណីយដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ ហៅទឹកធ្លាក់ភ្នំខៀវ ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងឱកាសបុណ្យឆ្លងឆ្នាំសាកល២០២៣នាពេលខាងមុខនេះ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា ៖ បច្ចុប្បន្ននេះ រដ្ឋបាលខេត្តប៉ៃលិន បានកំពុងខិតខំរៀបចំសណ្តាប់ធ្នាប់ និងកែលម្អសោភ័ណភាពនៅក្នុងខេត្តយ៉ាងសស្រាក់សស្រាំដូចជា ៖ កសាងហេដ្ឋារចនាសម្ព័ន្ធ ការកែលម្អសួនច្បារសាធារណៈ ការដាក់ភ្លើងបំភ្លឺ និងភ្លើងលម្អនាពេលរាត្រី ការសម្អាតអនាម័យបរិស្ថាននៅតាមទីសាធារណៈ និងតាមតំបន់រមណីយដ្ឋានទេសចរណ៍នានា ដើម្បីឲ្យខេត្តប៉ៃលិនប្រែក្លាយជាខេត្តមួយមានការរីកចម្រើន និងមានទេសភាពស្រស់បំព្រងបរិស្ថានល្អព្រមទាំងប្រែក្លាយជាខេត្តគោលដៅទេសចរណ៍សម្រាប់ថ្ងៃអនាគតផងដែរ។ លោកជំទាវ បានបន្តទៀតថាដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋចូលរួមសហការទាំងអស់គ្នាជាមួយអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ជាពិសេសការថែរក្សាអនាម័យសាធារណៈ។

លោកជំទាវ បាន ស្រីមុំ បានបញ្ជាក់ថា៖ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបើកប្រទេសឡើងវិញ លើគ្រប់វិស័យបានធ្វើអោយសេដ្ឋកិច្ចប្រទេស មានលក្ខណៈជាប្រក្រតី ដែលផ្តល់ឱកាសប្រជាពលរដ្ឋដំណើរការប្រកបមុខរបររកស៊ីផ្សេងៗ ដើរលេងកំសាន្តគ្រប់ច្រកល្ហកដោយមិនមានការភ័យខ្លាចដូចមុន គឺរៀនរស់នៅក្នុងបរិបទកូវីដ-១៩ និងបន្តអនុវត្តនូវវិធានសុវត្ថិភាព៣ការពារ ៣កុំ ។

លោកជំទាវ អភិបាលខេត្តបានស្នើដល់អភិបាលក្រុង/ស្រុក មន្ទីរអង្គភាពជុំវិញខេត្តទាំងអស់ ត្រូវសហការត្រៀមរៀបចំ តាមតួរនាទីភារៈកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងាររៀបចំសណ្តាប់ធ្នាប់ និងកែលម្អសោភ័ណភាពខេត្ត ការដាក់ភ្លើងនៅតាមសួន តាមដើមឈើ តាមអង្គភាព និងទីសាធារណៈបញ្ចេញរស្មីឆ្លុះគ្រប់ពណ៌។ នៅតាមតំបន់ទេសចរណ៍នានា ត្រូវរៀបចំកន្លែង និងទីធ្លាអោយបានស្អាតប្រកបដោយសោភ័ណភាព ដើម្បីទាក់ទាញភ្ញៀវទេសចរ មកលេងកំសាន្ត កាន់តែច្រើនក្នុងឱកាសបុណ្យឆ្លងឆ្នាំសាកល នាពេលខាងមុខនេះ ដែលជាកត្តាជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ខេត្តប៉ៃលិន ។

សូមបញ្ជាក់ថា ៖ ខេត្តប៉ៃលិនជាខេត្តមួយដែលមានសក្តានុពលខាងវិស័យទេសចរណ៍ បែបអេកូធម្មជាតិដ៏ល្បីល្បាញ និងមានរម្មណីយទេសចរណ៍ច្រើនកន្លែង ដែលមានភ្ញៀវជាតិ និងអន្តរជាតិមកលេងកំសាន្តជារៀងរាល់ថ្ងៃ ដូចជា៖ រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រភ្នំយ៉ាត រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវ អូរតាវ៉ៅ រមណីយដ្ឋានធម្មជាតិទឹកធ្លាក់បរយ៉ាខា រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ក្បាលដំរី និងរម្មណីយដ្ឋានកែច្នៃល្បីៗ មួយចំនួនទៀត ព្រមទាំងផ្នែកសេវាកម្មទេសចរណ៍ ដូចជា៖ សណ្ឋាគារ និងរីហ្សត ផ្ទះសំណាក់ និងភោជនីយដ្ឋាន ដើម្បីផ្ដល់សេវាកម្មជូនភ្ញៀវទេសចរជាតិអន្តរជាតិ ដែលមកលេងកម្សាន្តក្នុងខេត្តប៉ៃលិនផងដែរ៕