Connect with us

ព័ត៌មានជាតិ

យុវជនកម្ពុជា (ក្រុម១៥៧) ក្រុងសិរីសោភ័ណ ចុះសួរសុខទុក្ខសមាជិក ដែលកំពុងមានជំងឺ ត្រូវសម្រាកព្យាបាល

បន្ទាយមានជ័យ ៖ ក្រុមការងារសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងសិរីសោភ័ណ សាខាខេត្តបន្ទាយមានជ័យ បានចុះសួរសុខទុក្ខសមាជិក ដែលកំពុងមានជំងឺ ត្រូវសម្រាកព្យាបាល ចំនួន០២នាក់ ។

ការចុះសួរសុខទុក្ខនេះ ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ដឹកនាំដោយលោក អេម ពៅ ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងសិរីសោភ័ណ ដោយបានសួរសុខទុក្ខលោក យ៉ាន់ គឹមសួន ប្រធានផ្នែកផ្សព្វផ្សាយសមាគមក្រុង មានជំងឺត្រូវវះកាត់ នៅមន្ទីរពេទ្យឯកជន ទីរួមខេត្តបន្ទាយមានជ័យ ។ និងលោក ចាន់ រដ្ឋា សមាជិកសកម្ម មានជំងឺ បានវះកាត់ព្យាបាលច្រើនមុខ នៅមន្ទីរពេទ្យខេត្តបាត់ដំបង បច្ចុប្បន្ន កំពុងសម្រាកព្យាបាលបន្ថែមនៅផ្ទះ ក្នុងបុរីចិនខ្មៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោក អេម ពៅ បានមានប្រសាសន៍ ពាំនាំការសុខទុក្ខពីសំណាក់លោក ចៅ ជីអាន ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ខេត្តបន្ទាយមានជ័យ ជូនចំពោះសមាជិកទាំង២ និងបានផ្តាំផ្ញើឲ្យបន្តរក្សាសុខភាពឲ្យបានល្អប្រសើរឡើងវិញ ដើម្បីបន្តធ្វើកិច្ចការងារ មនុស្សធម៌ របស់យើងជាបន្តបន្ទាប់ទៀត ។

ឆ្លើយតបនឹងការសួរសុខទុក្ខនេះ លោក យ៉ាន់ គឹមសួន ក៏ដូចជាលោក ចាន់ រដ្ឋា បានថ្លែងអំណរអរគុណ ចំពោះក្រុមការងារដែលបានចំណាយពេលមកសួរសុខទុក្ខ ជាពិសេសថ្នាក់ដឹកនាំរបស់សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ខេត្តបន្ទាយមានជ័យ ដែលបានគិតគូរពីសុខទុក្ខរបស់ពួកគាត់ខណៈ មានជំងឺត្រូវសម្រាកព្យាបាល ៕