Connect with us

ព័ត៌មានជាតិ

ទីបំផុតអាជ្ញាធរ ដឹកនាំសមត្ថកិច្ចចម្រុះ ចុះរុះរើរបង ដែលក្រុមហ៊ុន កូ ណៃ ហ៊ុមព័ទ្ធភ្នំធ្វើកម្ម​សិទ្ធ

បន្ទាយមានជ័យ ៖ ការធ្វើរបងហ៊ុមព័ទ្ធយលដីភ្នំ ធ្វើកម្មសិទ្ធពីសំណាក់ក្រុមហ៊ុន កូ ណៃ ត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យ ដឹកនាំសមត្ថកិច្ចចម្រុះ ចុះរុះរើ និងកំណត់ព្រំដីកម្មសិទ្ធរបស់រដ្ឋ តាមវិធានការរបស់ថ្នាក់ខេត្ត និងតាមការណែនាំរបស់ថ្នាក់លើ ។

ការចុះនេះធ្វើឡើងកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ក្រោមការដឹកនាំរបស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីសំណាក់លោក ហ៊ិល រ៉ាយ៉ា អភិបាលរងខេត្ត លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ លោកប្រធានមន្ទីរសុរិយោដីខេត្តបន្ទាយមានជ័យ កងកម្លាំងនគរបាល និងអាវុធហត្ថជាច្រើននាក់ទៀតផងដែរ ។

ចំណាត់ការនេះដែរធ្វើឡើង ក្រោយមានសារព័ត៌មានជាច្រើន បានចុះផ្សាយជាបន្តបន្ទាប់ នូវសកម្មភាពយកថ្មបិទផ្លូវ ធ្វើរបងបង្គោលបេតុង រាយបន្លាលួស និងកាយប្រឡាយហ៊ុមព័ទ្ធភ្នំកងវ៉ា ស្ថិតក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ធ្វើជាកម្មសិទ្ធអាស្រ័យផល ពីសំណាក់ក្រុមហ៊ុន កូ ណៃ ដែលជាក្រុមហ៊ុនមួយទទួលបានសិទ្ធធ្វើអាជីវកម្មកិនថ្មនៅខេត្តបន្ទាយមានជ័យ ដោយលោក កូ ណៃ ជាម្ចាស់ក្រុមហ៊ុន បានប្រាប់អ្នកសារព័ត៌មានថា នៅមិនទាន់មានច្បាប់អនុញ្ញាតនៅឡើយទេ តែចាំសុំច្បាប់តាមក្រោយ ហើយការបិទផ្លូវ និងហ៊ុមព័ទ្ធនេះ គឺ ក្នុងគោលបំណង មិនឲ្យគ្រឿងចក្រដែលកំពុងកាយដីនៅក្បែរនោះ ចូលដីរបស់គាត់ មួយទៀតកុំឲ្យមនុស្ស ឬសត្វ ចូលមកបំផ្លាញដំណាំរបស់គាត់ ដែលកំពុងតែដាំជាច្រើន នៅលើផ្ទៃដីខាងលើ ដែលគាត់បានទិញពីឈ្មោះ តួ ធានទឺ អតីតអភិបាលរងខេត្តបន្ទាយមានជ័យ ដែលជាដីចំណីភ្នំ និងដីជើងភ្នំ មានការកាន់កាប់គ្រប់គ្រងជាបន្តបន្ទាប់ ក្រោយការកាយយកអាចម៌ដីលក់ ។

ក្នុងដំណើរចុះរុះរើនេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មិនបានផ្តល់បទសម្ភាសអ្វីដល់អ្នកសារព័ត៌មានឡើយ ដោយបញ្ជាក់អ្នកសារព័ត៌មានមើល និងយល់តាមភាពជាក់ស្តែងចុះ ។ ប៉ុន្តែកន្លងមកឯកឧត្តម ធ្លាប់បានឲ្យដឹងថា ការបិទផ្លូវ ការធ្វើរបង និងការកាយប្រឡាយហ៊ុមព័ទ្ធភ្នំ ដើម្បីធ្វើជាកម្ម​សិទ្ធអញ្ចឹង ម៉េចត្រូវ ! ។

គួរបញ្ជាក់ថា ការចុះធ្វើសកម្មភាពរបស់គណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ នាពេលនេះ បានវាយផ្តួលរបងបង្គោលបេតុង រើបន្លាលួស រើដុំថ្មធំៗ ដែលតំរាបបិទផ្លូវ និងយករោងសង្កសីដែលមានសណ្ឋានដូចប៉ុស្តិ៍យាមរបស់នគរបាល ចេញពីទីតាំងដែលបានហ៊ុមព័ទ្ធនៅចំណុចខាងត្បូង ខាងលិច និងអាគ្នេយ៍នៃភ្នំកងវ៉ា ដែលមានប្រវែងរាប់ពាន់ម៉ែត្រ លើផ្ទៃដីរាប់សិបហិចតា ។ ប៉ុន្តែចំពោះបណ្តាញទុយោកាវ និងផ្លាស្ទិចនៃប្រព័ន្ធស្រោចស្រពដំណាំ និងដំណាំដែលបានដាំរួចរាល់ ដើម្បីប្តូររូបភាពគ្រប់គ្រងដីរដ្ឋ ទៅជាដីឯកជននោះ នៅមិនទាន់បានរុះរើចេញនៅឡើយទេ ។ ហើយយើងក៏នៅមិនទាន់ដឹងទេថា តើគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ នឹងមានចំណាត់ការអ្វីទៀត ? ទៅលើករណីនេះ ៕