Connect with us

ព័ត៌មានជាតិ

អាជ្ញាធរស្រុកសង្កែ ចុះអនុវត្តរៀបចំសណ្តាប់ធ្នាប់ នៅបរិវេណផ្សារស្ពានខ្វែង

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ អាជ្ញាធរស្រុកសង្កែ ដឹកនាំដោយលោក ហែម សុភ័ក្ត្រ អភិបាលរងនៃគណៈអភិបាលស្រុកសង្កែ បានចុះអនុវត្តរៀបចំសណ្តាប់ធ្នាប់ នៅបរិវេណផ្សារស្ពានខ្វែង ស្ថិតក្នុងភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។

លោក ហែម សុភ័ក្ត្រ អភិបាលរងនៃគណៈអភិបាលស្រុកសង្កែ បានលើកឡើងថា ការចុះអនុវត្តធ្វើឡើងនេះគោលបំណងដើម្បីរក្សាបាននូវសោភ័ណភាព អនាម័យបរិស្ថាន សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសាធារណៈផងដែរ ព្រោះនៅជុំវិញបរិវេណផ្សារមានបញ្ហាស្មុគស្មាញជាច្រើនដោយសារ អ្នកគ្រប់គ្រងផ្សារបានតសំយ៉ាបរំលោភមកលើចំណីផ្លូវ និងបានយកផ្លូវសាធារណៈដាក់ផ្ញើម៉ូតូ និងមួយវិញទៀតបងប្អូនអាជីវករមួយចំនួនបានយកផ្លូវសាធារ​ណៈ​ប្រកបអាជីវកម្មលក់ដូរឬអា​ជីវកម្មផ្សេងៗទៀតយ៉ាងអាណាធិបតេយ្យ ដែលជាហេតុធ្វើអោយផ្លូវរួមតូច បង្កការកកស្ទះចរាចរណ៍ និងបង្កឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សាធារណៈ រហូតបណ្តាលអោយកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ផងដែរ ។

ជាមួយគ្នានេះលោកក៏បានធ្វើការ ណែនាំដោយតម្រូវអោយម្ចាស់អ្នកគ្រប់គ្រងផ្សារ និងម្ចាស់លំនៅឋានដែលតសំយ៉ាបលយមកលើចំណីផ្លូវត្រូវរុះរើនិងកាត់ចេញ ព្រមទាំងបានណែនាំអោយលោកមេឃុំអញ្ជើញម្ចាស់គ្រប់គ្រងផ្សារទៅធ្វើកិច្ចសន្យាផងដែរ ៕

ដោយ ៖ Pa J