Connect with us

ព័ត៌មានជាតិ

BREAKING NEWS: កុមារីអាយុ១១ឆ្នាំម្នាក់នៅខេត្តព្រៃវែងស្លាប់ដោយសារឆ្លងជំងឺផ្តាសាយបក្សីH5N1

ព្រៃវែង៖ កុមារីអាយុ១១ឆ្នាំ៦ខែម្នាក់បានស្លាប់ដោយសារឆ្លងជំងឺផ្តាសាយបក្សី H5N1។ ក្មេងស្រីនោះរស់នៅភូមិ រលាំង ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ នេះបើតាមព័ត៌មានផ្សាយដោយនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង(CDC)នាយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។
មុនឈានដល់ក្មេងស្រីនោះស្លាប់ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ក្មេងស្រីនោះមានរោគសញ្ញាគ្រុនក្តៅ៣៩អង្សាសេ ព្រមទាំងក្អក និងឈឺក ដោយគ្រួសារក្មេងស្រីនោះបាននាំនាងមកព្យាបាលនៅតាមមន្ទីរពេទ្យនៅមូលដ្ឋាន ប៉ុន្តែស្ថានភាពនាងនៅតែមិនធូរស្រាល ក៏គ្រួសារបញ្ជូននាងមកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិនៅភ្នំពេញ។
នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមគ្រូពេទ្យកុមារជាតិបានយកសំណាកផ្ញើមកវិទ្យាស្ថានជាតិសុខភាពសាធារណៈ ដោយលទ្ធផលបានបង្ហាញនៅថ្ងៃទី២២ ខែកុម្ភៈ ថាកុមារីនោះមានវិជ្ជមានមេរោគផ្តាសាយបក្សីH5N1។
បច្ចុប្បន្នសាកសពក្មេងស្រីត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង(CDC)បានអំពាវនាវដល់ពលរដ្ឋ កុំប៉ះពាល់សត្វឈឺឬងាប់ ទាំងសត្វបក្សីស្រុកនិងបក្សីព្រៃ។ ប្រសិនអ្នកសង្ស័យសូមពិគ្រោះជំងឺជាមួយគ្រូពេទ្យ ឬរាយការណ៍ទៅលេខ ១១៥៕