Connect with us

ព័ត៌មានជាតិ

ឯកឧត្តម សុខ លូ អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូមួយខ្សែប្រវែង ៣,១០០ម៉ែត្រក្នុងស្រុកបាណន់

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូមួយខ្សែ កំណាត់ផ្លូវខេត្តលេខ ១៥៧A ប្រវែង ៣,១០០ម៉ែត្រ និងទទឹង៧ម៉ែត្រ នៅក្នុងឃុំបាយដំរាំ និងឃុំកន្ទឺ២ ស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ។

លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានលើកឡើងថា ផ្លូវ១៥៧នេះ បានធ្លាប់ធ្វើការបើកការដ្ឋានសាងសង់តាំងពីខែមីនា ឆ្នាំ២០២២ម្ដងហើយ ដែលមានប្រវែង ៣,២០០ម៉ែត្រ ចាប់ពីគ.ម១៣+000 ដល់គ.ម ១៧+០០០ តែពេលនេះបានបើកការដ្ឋានសាងសង់ផ្លូវ១៥៧A បន្តទៀតដែលមានប្រវែង៣,១០០ម៉ែត្រ ទទឹង៧ម៉ែត្រ ដែលមានតួចិញ្ចើមផ្លូវចាក់ល្បាយថ្ម០.៥ម៉ែត្រសងខាង មានស្ថាបនាលូមូលកាត់ទទឹងផ្លូវមុខកាត់១ម៉ែត្រ ១ជួរចំនួន៣កន្លែង លូមូលកាត់ទទឹកផ្លូវមុខកាត់១ម៉ែត្រ ២ជួរ ២កន្លែង និងមានគូសគំនូសស្លាកចរាចរណ៍១៦ស្លាកតាមដងផ្លូវ ។

ជាមួយគ្នានេះឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍លើកឡើងថា បើយើងក្រឡេកមើលទៅប៉ុន្មានឆ្នាំមុននេះប្រៀបធៀបនឹងបច្ចុប្បន្ន យើងឃើញថាប្រទេសជាតិយើងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ដោយឡែកខេត្តបាត់ដំបងមានការប្រែប្រួល និងរីកចម្រើនលើគ្រប់វិស័យ ដែលសបញ្ជាក់ឱ្យឃើញថា ជីវភាពប្រជាពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃមានការប្រសើរឡើង ហើយកន្លងមកការធ្វើដំណើរមានភាពលំបាក ពីទីកន្លែងមួយទៅទីកន្លែងមួយ តែបច្ចប្បន្នគឺមានភាពល្អប្រសើរច្រើនជាពិសេសនៅតាមជនបទក៏មានផ្លូវធ្វើដំណើរស្រួល ងាយស្រួលក្នុងការដឹកជញ្ជូនផលិតផលកសិផលរបស់ប្រជាពលរដ្ឋ និងងាយស្រួលក្នុងការធ្វើដំណើរជាប្រចាំផងដែរ ។

បន្ថែមពីនេះឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋដែលនៅតាមដងផ្លូវ សូមចូលរួមសម្រួលដល់ក្រុមការងារស្ថាបនាផ្លូវ ដើម្បីអនុវត្តការងារបានសម្រេចជោគជ័យ និងមិនត្រូវធ្វើការរំលោភលើដីចំណីផ្លូវឡើយ ហើយបើសិនជាមានការសាងសង់អ្វីនៅដីចំណីផ្លូវ សូមមេត្តារុះរើចេញដើម្បីឱ្យក្រុមការងារស្ថាបនាផ្លូវធ្វើការសាងសង់ផ្លូវ ហើយក្រោយពីផ្លូវនេះបានសាងសង់រួច សូមប្រជាពលរដ្ឋមេត្តាជួយថែទាំ ទប់ស្កាត់ការដឹកជញ្ជូនធ្ងន់ៗ ជួយកាយទឹកចេញពីផ្លូវដើម្បីឱ្យផ្លូវយើងប្រើប្រាស់បានយូរអង្វែង ៕
ដោយ ៖ សាលី