Connect with us

ព័ត៌មានជាតិ

ឯកឧត្តម រ័ត្ន ស៊្រាង ចុះផ្សព្វផ្សាយខ្លឹមសារ មហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេស របស់ គណបក្សប្រជាជនកម្ពុជា នៅសង្កាត់ព្រែកកំពឹស

ភ្នំពេញ ៖ នៅព្រឹកទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ នាបរិវេណទីស្នាក់ការគណបក្សសង្កាត់ព្រែកកំពឹស ឯកឧត្តម រ័ត្ន ស៊្រាង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខណ្ឌដង្កោ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់ គណបក្សប្រជាជនកម្ពុជា ។

ពិធីនេះ មានការអញ្ជើញចូលរួមផងដែរពីសំណាក់ លោក អ៊ុយ សុន អនុប្រធានក្រុមការងារ លោក ជុំ ឈាង ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អស់លោកក្រុមការងារ អមដំណើរ លោក លោកស្រី ក្នុងជួរគណៈកម្មាធិការគណបក្សសង្កាត់ គណៈសាខាបក្សភូមិ ប្រធានក្រុមបក្ស យុវជន ស.ស.យ.ក សង្កាត់ និងលោកគ្រូ អ្នកគ្រូ បុគ្គលិកមណ្ឌលសុខភាពសង្កាត់ ព្រមទាំងសកម្មជន យុវជន គណបក្ស សរុបរួមមានចំនួន ៥៨៤នាក់ ។

នាឱកាសនោះ ឯកឧត្តម រ័ត្ន ស៊្រាង បានធ្វើការផ្សព្វផ្សាយពីខ្លឹមសារមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់ គណបក្សប្រជាជនកម្ពុជា និងខ្លឹមសាររបាយការណ៍ពាក់ព័ន្ធផ្សេងទៀតជូនដល់អង្គពិធីផងដែរ ។ ជាងនេះទៅទៀត ឯកឧត្តមបាន គូសបញ្ជាក់ពី កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព មានស្ថិរភាពនយោបាយ មានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស បានគ្រប់គ្រងនូវស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ។ ឯកឧត្តម ក៏បានរំលេចបន្ថែម អំពីគោលនយោបាយរបស់គណបក្ស ដែលប្រកាន់យកការការពារ និងលើកស្ទួយផលប្រយោជន៍របស់ប្រជាជនជាធំ ។

សមាជិក សមាជិកា ដែលបានចូលរួមទាំងអស់ បានយល់ជ្រួតជ្រាប និងសម្តែងការអបអរសាទរ គាំទ្រពេញទំហឹង ចំពោះការសម្រេច ដែលមាននៅក្នុងខ្លឹមសារ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់ គណបក្សប្រជាជនកម្ពុជា គ្រប់ៗគ្នា ។

ពិធីនេះ ក៏មានការផ្តល់ជូននូវ អាហារសម្រន់  និងទឹកសុទ្ធ ចែកជូនសមាជិកចូលរួមទាំងអស់ បរិភោគរួមគ្នា ប្រកបដោយមនោសញ្ចេតនាយ៉ាងស្និទ្ធស្នាល ៕