Connect with us

ព័ត៌មានជាតិ

លោកឧកញ៉ាចិត្តធម៌ ទៀ វិចិត្រ ជួយសង្គ្រោះក្រុមទេសចរណ៍១០នាក់មកកាន់ច្រាំងសុវត្ថិភាព ក្រោយជាប់គាំងលើទូកកណ្តាលសមុទ្ទច្រើនម៉ោង

ព្រះសីហនុ៖ លោកឧកញ៉ាចិត្តធម៌ ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ នៅម៉ោងជិត៧យប់ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣បានបញ្ចេញអូប័រល្បឿនលឿនមួយគ្រឿងទៅកាន់កណ្តាលសមុទ្ទមុខកោះថាស ដើម្បីជួយសង្គ្រោះ ជនរងគ្រោះជាទេសចរណ៍ជនជាតិខ្មែរចំនួន១០នាក់ ដែលជួបហេតុការណ៍ជាប់គាំងនៅលើទូកកន្ទុយវែងមួយគ្រឿងដែលខូចស្លាបចាក់។

លោកឧកញ៉ា ទៀ វិចិត្រ បានឱ្យដឹងថា ជនរងគ្រោះជាទេសចរណ៍ជនជាតិ១០នាក់ បានជួលទូកកន្ទុយវែងមួយគ្រឿងពីចំណុចឆ្នេរលំហែកាយ នៅវេលាម៉ោងជាង១រសៀល ដើម្បីជិះចេញទៅលេងនិងស្ទូចត្រី នៅម្តុំ កោះថាស ហើយនៅវេលាម៉ោងជិត៥ល្ងាច ក៏បានរៀបចំចេញត្រលប់មកវិញ។តែជាអកុសលទូកដែកពួកគេជិះបានខូចស្លាបចាក់មិនអាចវិលត្រឡប់មកវិញបាន ទូកបានរសាតអណ្តែតលើផ្ទៃសមុទ្រទៅតាមខ្យល់បក់បោក ក្រោមផ្ទៃរលកធំៗជាង៣ម៉ោង។

បន្ទាប់ពីទទួលបានដំណឹងនេះ លោកឧកញ៉ាបានបញ្ជូនអូប័រនិងក្រុមជួយសង្គ្រោះចេញប្រតិបត្តិការភ្លាមទៅកាន់ចំនុចកើតហេតុ ដើម្បីនាំជនរងគ្រោះនៅលើទូកទាំងនោះមកកាន់ច្រាំងសុវត្ថិភាពវិញ ដោយក្នុងនោះក្រុមការងារបានយកក្រុមទេសចរណ៍ខាងលើមកច្រាំងនៅវេលាម៉ោង៨យប់ថ្ងៃដដែល។

សូមបញ្ជាក់ថា ជនរងគ្រោះទាំង១០នាក់ បានដឹកមកដល់ផែរបស់ក្រុមហ៊ុន GTVC វិញដោយសុវត្ថិភាពហើយ និងបានរៀបចំរថយន្តរបស់ក្រុមហ៊ុនជូនពួកគាត់ឱ្យត្រឡប់ទៅផ្ទះវិញផងដែរ។ជាមួយនោះក្រុមទេសចរណ៍រងគ្រោះទាំង១០នាក់បានសម្តែងនូវក្តីសាទរនិងថ្លែងអំណរគុណចំពោះលោកឧកញ៉ាចិត្តធម៌ដែលបានជួយសង្គ្រោះនិងស្រោចស្រង់អាយុជីវិតពួកគាត់ឱ្យផុតពីគ្រោះថ្នាក់ដ៏រន្ធត់មួយនេះ។