Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ស្ពឺថ្លែងថាក្នុងឆ្នាំ២០២២កន្លងទៅរដ្ឋបាលខេត្តទទួលបានសមិទ្ធិផលបីធំៗ

កំពង់ស្ពឺ៖អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង បានថ្លែងថាក្រៅពីកិច្ចការរដ្ឋបាលយ៉ាងច្រើនដែលត្រូវផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋក្នុងឆ្នាំ២០២២កន្លងទៅ ខេត្តក៏ទទួលបាននូវកិត្តិយសប្រចាំឆ្នាំនូវសមិទ្ធិផលផ្លែផ្កាធំៗចំនួន៣ផងដែរ
ក្នុងនោះ ១-គឺភូមិមួយចំនួននៃខេត្តកំពង់ស្ពឺ ត្រូវបានប្រកាសជាភូមិអស់មីន
២-រក្សាតំណែងរំដួលពីរទងបានដដែល និង៣-ខេត្តកំពង់ស្ពឺត្រូវបានទទួលស្គាល់ជាខេត្តដែលឈប់បន្ទោបង់ពាស់វាលពាស់កាល។ការណ៍នេះធ្វើឡើងក្នុងពិធីសន្និបាទបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៣របស់រដ្ឋបាលខេត្តកំពង់ស្ពឺថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣។

លោក វ៉ី សំណាង បានលើកឡើងថាកាលដើមឡើយខេត្តកំពង់ស្ពឺគឺជាខេត្តមួយដែលក្រីក្រ ប្រឈមគ្នាដោយចុងអាវុធ ប្រជាពលរដ្ឋគ្មានឱកាសរកស៊ីទទួលទាន រវល់តែរត់ចូលត្រង់សេដើម្បីគេចចេញពីគ្រាប់ផ្លោង។ថ្នាក់ដឹកនាំដែលចង់ប្តូររបប តែងតែយកខេត្តកំពង់ស្ពឺធ្វើជាកន្លែងប្រយុទ្ធគ្នា។ដើមត្នោតទាំងអស់ត្រូវបានកាប់ស្លឹកស្ទើរទាំងស្រុង ដើម្បីក្រាលគ្របផ្ទះសម្បែង ហើយដើមត្នោតក៏ត្រូវបានកាប់ផ្តួលផងដែរដើម្បីធ្វើជាគ្រឿងផ្ទះ។ប្រជាពលរដ្ឋសឹងតែ១០០% ពឹងផ្អែកលើការឡើងត្នោត គៀបយកទឹក ធ្វើជាស្ករលក់ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។មិនតែប៉ុណ្ណោះខេត្តកំពង់ស្ពឺក៏ត្រូវបានគេមើលងាយ មើលថោក តាមរយៈការហៅខេត្តនេះថាជាខេត្តប៊ុមប៊ឺរលាក់កងជើងផងដែរ។

អភិបាលកំពង់ស្ពឺបញ្ជាក់ថាក្រោមនយោបាយដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខេត្តកំពង់ស្ពឺត្រូវបានរំលត់ទាំងស្រុងនូវសង្គ្រាមរ៉ាំរ៉ៃ ហើយជំនួសមកវិញនូវកសាង និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។ក្នុងនោះវិស័យឧស្សាហកម្មកាត់ដេរ វាយនភណ្ឌបាននិងកំពុងរីកដុះដាលគួរឱ្យកត់សំគាល់។ប្រជាពលរដ្ឋក្នុងខេត្តនេះប្រមាណជាង៨០%មានការងារធ្វើ និងបានងើបផុតពីភាពក្រីក្រ ដែលបច្ចុប្បន្នខេត្តកំពង់ស្ពឺត្រូវបានគេប្រសិទ្ធិនាមថាជាខេត្តស៊ីវិល័យ។ចំនុចនេះហើយដែលបានធ្វើឱ្យខេត្តកំពង់ស្ពឺអាចទទួលបានផ្ការំដួលពីរទងនិងប្រកាសជាខេត្តដែលបញ្ឈប់ការបន្ទោបង់ពាស់វាលពាស់កាល ហើយជាមួយនោះ ស្រុកមួយចំនួននៃខេត្តនេះក៏ត្រូវបានប្រកាសជាស្រុកអស់មីនផងដែរតាមរយៈការស្តារដីកសិកម្មនិងដីឧស្សាហកម្មរោងចក្រកាត់ដេរដែលមានប្រមាណជិត៤០០រោងចក្រដែលផ្តល់ឱកាសការងារដល់កម្មករ កម្មការិនី១៥៥ ៥៥២នាក់ ស្រី១១៥២៦៦នាក់។