Connect with us

ព័ត៌មានជាតិ

អធិការស្រុកតាលោសែនជ័យ ឆ្មក់បង្ក្រាបទីតាំងជល់មាន់ មួយកន្លែង ឃាត់ខ្លួនមនុស្ស៣នាក់

ពោធិ៍សាត់ ៖ ទីតាំងល្បែងស៊ីសងជល់មាន់ មួយកន្លែង ត្រូវបានកម្លាំងនគរបាលស្រុកតាលោសែនជ័យ ធ្វើការឆ្មក់បង្ក្រាប ឃាត់ខ្លួនបានមនុស្ស៣នាក់ ចាត់ការតាមនីតិវិធី ។

លោកវរសេនីយ៍ឯក អ៊ុល ហៃ អធិការនគរបាលស្រុកតាលោសែនជ័យ បានឲ្យដឹងថា ក្រោយ​ទទួលបានសេចក្តីរាយការណ៍ ពីភ្នាក់ងារតាមរយៈទូរស័ព្ទ អំពីករណីពលរដ្ឋលួចលាក់លេងល្បែងស៊ីសង ជល់មាន់ (ផ្លែដែល) នៅចំណុចព្រៃល្ពៅ ស្ថិតក្នុងភូមិតាំងគោ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ និងបន្ទាប់ពីទទួលបានគោលការណ៍ពី ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ តាមរយៈលេខទូរសព្ទ 088 96 97 168 រួចមក នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ លោកបានដឹកនាំកម្លាំង ចុះសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុង ធ្វើការបង្ក្រាបទីតាំងជល់មាន់ខាងលើ ដោយបានឃាត់ខ្លួនអ្នកប្រព្រឹត្ត ចំនួន៣នាក់ រួមនឹងវត្ថុតាមមួយចំនួន ។

លោកបន្តថា អ្នកប្រព្រឹត្តល្បែងស៊ីសងដែលត្រូវបានឃាត់ខ្លួនខាងលើ មាន ៖ ១-ឈ្មោះភឿន គឹមស៊ុយភេទប្រុស អាយុ៦០ឆ្នាំ ជាម្ចាស់ផ្ទះផ្ដល់ទីតាំង ។ ២-ឈ្មោះ សូ សុខឃឿន ភេទប្រុស អាយុ២៤ឆ្នាំ ជាអ្នកសុំទីតាំងលែងល្បែងស៊ីសង ។ ៣-ឈ្មោះ ចាន់ កង ភេទប្រុស អាយុ៤៣ឆ្នាំ ជាអ្នកលេង ។ និងបានដកហូតនូវវត្ថុតាងមួយចំនួន ដូចជា ៖ មាន់ជល់ចំនួន ៥ក្បាល, កន្ត្រកចំនួន៥, កូនជញ្ជីងតូចចំនួន១, ម៉ូតូចំនួន ៦គ្រឿង, ស្កុតរុំខ្នាយមាន់ចំនួន ២០ដុំ, ស្គុតជ័រចំនួន២ដុំ ។

ក្រោយបង្ក្រាបឃាត់ខ្លួន ក្រុមអ្នកប្រព្រឹត្តល្បែងស៊ីសង រួមនឹងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញ នាំយកមកអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ ៖ សំណាង