Connect with us

ព័ត៌មានជាតិ

អាជ្ញាធរចុះយុទ្ធនាការក្តៅជាថ្មីដើម្បីចាប់ប្រមូលជនវិបល្លាស សតិមិនគ្រប់ និងជនបែកថ្នាំ

ខេត្តបាត់ដំបង! នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣នេះ កម្លាំងគណៈបញ្ជាការឯកភាពក្រុង ក្រោមការដឹកនាំរបស់លោក លាង វាសនា ដែលជាអភិបាលក្រុង បានចុះយុទ្ធនាការក្តៅជាថ្មីដើម្បីចាប់ប្រមូលយកជនវិបល្លាស សតិមិនគ្រប់ និងជនបែកថ្នាំ ដើម្បីយកទៅមណ្ឌលបន្សាបព្យាបាល និងស្តានិតិសម្បទា និងមណ្ឌលសុំចតមន្ទីរសង្គមកិច្ចខេត្តបាត់ដំបង។

លោក លាង វាសនា អភិបាលក្រុងបាត់ដំបង បានអោយដឹងថា! នៅក្នុងយុទ្ធនាការប្រមូលយកបងប្អូននាថ្ងៃនេះ គឺអនុវត្តធ្វើឡើងតាមការណែនាំបទបញ្ជារផ្ទាល់របស់ឯកឧត្តម សុខ លូ អភិបាលខេត្ត ដែលកំពុងយកចិត្ដទុកដាក់ស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាលដើម្បីលើកកម្ពស់សោភ័ណភាពក្រុងធ្វើអោយទីក្រុងស្អាត ពិសេសលុបបំបាត់មិនអោយមានជនវិបល្លាស សតិមិនគ្រប់ និងជនបែកថ្នាំនៅតាមទីសាធារណៈនេះទេ។

ជាមួយយុទ្ធនាការខាងលើនេះដែរ កម្លាំងគណៈបញ្ជាការឯកភាពក្រុង ដែលមានកម្លាំងមូលដ្ឋានកងរាជអាវុធក្រុង ដឹកនាំដោយលោក សំ វិឡុង ជាមេបញ្ជាការ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការ បានដឹកនាំកម្លាំងចុះចាប់ប្រមូលបានជនវិបល្លាស សតិមិនគ្រប់ និងជនបែកថ្នាំ សរុបបានចំនួន ៤៥នាក់ ក្នុងនោះស្រី៧នាក់ យកមកតេស្តស្វែងរកសារធាតុញៀន ហើយបន្ទាប់មកក្នុងចំណោមជនទាំង ៤៥នាក់ ក្នុងនោះ២៦នាក់ បញ្ជូនទៅកាន់មណ្ឌលបន្សាបព្យាបាល និងស្តារនីតិសម្បទាកែស៊ីនួន ក្នុងស្រុករតនៈមណ្ឌល និង១៨នាក់ ស្រី៧នាក់ បញ្ជូនទៅកាន់មណ្ឌលសុំចតមន្ទីរសង្គមកិច្ច ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។

ជាចុងក្រោយលោកអភិបាលក្រុង ក៏បានទទូចសុំដល់ពុកម៉ែ បងប្អូនទាំងអស់ កុំអោយមានចិត្តខឹងដល់អាជ្ញាធរអី ព្រោះការធ្វើដូច្នេះគឺចង់អោយពុកម៉ែ បងប្អូន បានល្អ ដោយបានយកទៅធ្វើការអប់រំ កែប្រែបន្សាបគ្រឿងញៀន ហើយចាប់ពីថ្ងៃនេះតទៅ គឺថាឃើញមួយចាប់មួយ ឃើញពីរចាប់ពីរ គឺធ្វើបន្តដូចភ្លៀងរលឹម។