Connect with us

ព័ត៌មានជាតិ

សហភាពសហព័ន្ធយុវជនកម្ពុជាបង្កើតព្រឹត្តិការណ៍ “ម៉ារ៉ាតុងសង្ក្រាន្តបាត់ដំបង ២០២៣” ដើម្បីអបអរសាទរ និងផ្សព្វផ្សាយព្រឹត្តិការណ៍”សង្ក្រាន្តបាត់ដំបង២០២៣”

ខេត្តបាត់ដំបង! នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំព្រឹត្តិការណ៍“ម៉ារ៉ាតុងសង្ក្រាន្តបាត់ដំបង ២០២៣” ដែលមានចម្ងាយ០៥គីឡូម៉ែត្រដើម្បីអបអរសាទរ និងផ្សព្វផ្សាយព្រឹត្តិការណ៍”សង្ក្រាន្តបាត់ដំបង២០២៣”ដែលពិធីនេះប្រារព្ធធ្វើឡើងនៅបរិវេណខាងមុខអគារសាលាខេត្តចាស់ ស្ថិតក្នុងក្រុងបាត់ដំបង។

ជួបសំណេះសំណាលក្នុងកម្មវិធីនេះដែរ ឯកឧត្តម ស សុខា អនុប្រធាន ស.ស.យ.ក.ទទួលបន្ទុក០៣ខេត្ត (បាត់ដំបង.ព្រៃវែង.និងបន្ទាយមានជ័យ) តាំងនាមអោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក៏ដូចជាក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាទាំងមូល ឯកឧត្តមបានមានប្រសាសន៍ថា ថ្លែងអំណរគុណទៅដល់ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរខេត្ត ពិសេសរដ្ឋបាលក្រុងបាត់ដំបងដែលបានជួយសហការរៀបចំនិងសម្របសម្រួលក្នុងកម្មវិធីដ៏អស្ចារ្យមួយនេះ និងមានអ្នកចូលរួមកើនឡើងខ្លាំងជិតជាងពីរដង ដូច្នេះសូមអោយមានការជម្រុញនិងលើកទឹកចិត្តគាំទ្រពីសំណាក់ស្ថាប័ន ស្ពាន់ស័រ និងក្រុមការងារពាក់ព័ន្ធដទៃទៀតដើម្បីចូលរួមរៀបចំកីឡានេះឡើងលើកស្ទួយបំផុសស្មារតីអោយយុវជនចូលរួមនៅក្នុងវិស័យកីឡា និងគៀងគរថវិកាគាំទ្រព្រឹត្តិការណ៍សង្ក្រាន្ត និងជាពិសេសដើម្បីផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋដែលនៅក្នុងខេត្ត និងក្រៅខេត្តអោយបានដឹងអំពីព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង២០២៣។

ឯកឧត្តមបន្តថា ព្រឹត្តិការណ៍ថ្ងៃនេះដែរគឺមានគោលបំណងធំៗពីរ /ទី១គឺការផ្សព្វផ្សាយ”សង្ក្រាន្តបាត់ដំបងរបស់យើង ដែលមានការផ្តួចផ្តើមពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលតួនាទីនេះត្រូវបានប្រគល់អោយឯកឧត្តម ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសហការជាមួយរដ្ឋបាលខេត្ត ដើម្បីរៀបចំសង្ក្រាន្តខេត្តបាត់ដំបងរបស់យើង នៅថ្ងៃទី១២ ខែមេសា ខាងមុខនេះ និងទី២ដើម្បីផ្សព្វផ្សាយកីឡាស៊ីហ្គេម ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ដើម្បីឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ហើយជាពិសេសគឺការចូលរួមចំណែកធ្វើម៉េចផ្តល់នូវភាពកក់ក្តៅដល់កីឡាករ កីឡាការិនី ដែលជាជនពិការ ព្រោះការរស់នៅក្នុងសង្គមយើងត្រូវតែមានការថែទាំគ្នាទៅវិញទៅមកក្នុងនាមក្រុមគ្រួសារខ្មែរដូចគ្នា។

គួរបញ្ជាក់ថា ក្រោយមានការរត់ប្រណាំងយ៉ាងស្វិតស្វាញជាលទ្ធផល ក្រុមកីឡាការិនីយុវជនក្រោមអាយុ១៨ឆ្នាំ ចំណាត់ថ្នាក់លេខ០១ បានទៅលើ យុវនារី ឈាន ដានីន មកពីអនុវិទ្យាល័យទួលគគីរ ស្រុករុក្ខគីរី / ក្រុមយុវជនក្រោមអាយុ១៨ឆ្នាំបានទៅលើឈ្មោះ ជា សម្បត្តិ មកពីអនុវិទ្យាល័យចែងមានជ័យស្រុកបាណន់ / ក្រុមនារី ចំណាត់ថ្នាក់លេខ១ បានទៅកញ្ញា ញ៉ ចំរ៉ុង មកពីពេទ្យយាយជី ក្នុងក្រុងបាត់ដំបង/ និងផ្នែកបុរសបានទៅលើឈ្មោះ ម៉ា វីរ៉ូ មកពីរាជធានីភ្នំពេញ។