Connect with us

ព័ត៌មានជាតិ

ក្រុមជញ្ជីងចល័ត ឆ្មក់ត្រួតពិនិត្យរថយន្តដឹកលើសទម្ងន់ តាមផ្លូវជាតិលេខ៦ បែរជាហាមមិនអោយអ្នកសារព័ត៌មានថតផ្សាយ

បន្ទាយមានជ័យ ៖ មិនដឹងជាមានអាថ៌កំបាំង ឬមូលហេតុអ្វី បានជាការឆ្មក់ថ្លឹងរថយន្តដឹកទំនិញពីសំណាក់ ក្រុមការងារជញ្ជីងចល័តរបស់ក្រសួងសាធារណៈការ ដែលប្រព្រឹត្តទៅនៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ភូមិឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង១១ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ បែរជាហាមមិនអោយអ្នកសារព័ត៌មានថត និងយកព័ត៌មានដើម្បីផ្សព្វផ្សាយជូនសាធារណៈជន ។

តាមរយៈការហាមឃាត់ មិនអោយអ្នកសារព័ត៌មាន ថត និងយកព័ត៌មានផ្សព្វផ្សាយនេះ ធ្វើអោយអ្នកព័ត៌មានយើង មិនអាចដឹងពីនីតិវិធី នៃការចុះត្រួតពិនិត្យថ្លឹងរថយន្តដឹកលើសទម្ងន់ បង្ហាញដល់សាធារណៈជនឡើយ ហើយក៏មិនអាចដឹងថា ការអនុវត្តនេះ បានធ្វើលើរថយន្តល្មើសច្បាប់ លើសទម្ងន់ប៉ុន្មាគ្រឿង ហើយត្រូវផាកពិន័យ និងអនុវត្តន៍តាមច្បាប់របៀបណានោះទេ មួយវិញទៀត តើក្រុមការងារនេះ ដឹកនាំចុះត្រួកពិនិត្យដោយលោកណា មានតួនាទីអ្វីដែរ ។

មុនការហាមនេះ អ្នកសារព័ត៌មាន បានប្រាប់ និងបង្ហាញថា ជាអ្នកសារព័ត៌មានហើយ តែមានបុគ្គលម្នាក់ នៅតែហាមឃាត់ ហើយអ្នកសារព័ត៌មាន បានសួរនាំទៅលើបុគ្គលនោះ ដែលមិនដឹងឈ្មោះ និងតួនាទីជាអ្វី ដោយពាក់ឯកសណ្ឋាន ជាមន្រ្តីក្រសួងសាធារណៈការ ថា ហេតុអ្វីបានជាហាមឃាត់អ្នកសារព័ត៌មាន បើមិនឃើញមានការដាក់ស្លាកហាមឃាត់? ហើយមន្រ្តីរូបនោះ បានឆ្លើយយ៉ាងខ្លីថា មកពីមិនមានការអនុញាតពីមេមុន ។

ចំណុចនេះ ជាហេតុធ្វើអោយអ្នកសារព័ត៌មានយើង និយាយមិនចេញ និងមិនដឹងថា ត្រូវទាក់ទងមុនបានដោយបៀបណា បើក្រុមការងារនេះ ជាក្រុមចល័តដាក់ត្រួតពិនិត្យ មិនបានសហការជាមួយអាជ្ញាធរមូលដ្ឋាន ឬមន្ទីរជំនាញឡើយ នេះបើតាមការអោយដឹងពីលោកឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ និងខាងមន្ទីរជំនាញ ។

តាមរយៈការបិទបាំង ហាមឃាត់អ្នកសារព័ត៌មាននេះ សង្ឃឹមថា ក្រុមការងារមួយក្រុមនេះ អនុវត្តច្បាប់បានត្រឹមត្រូវ ដោយមិនត្រូវរូវជាមួយម្ចាស់រថយន្តល្មើសដែលរកឃើញថា លើសទំងន់ជាថ្នូរ និងប្រយជន៍ផ្ទាល់ខ្លួនឡើយ ៕