លោកជំទាវ បាន ស្រីមុំ ផ្តល់ពានជ័យលាបភី ដល់កីឡាករ សិស្សបឋមសិក្សា និងមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្ត ឆ្នាំសិក្សា២០២២-២០២៣

ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនកាលពីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធី បិទការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្ត ឆ្នាំសិក្សា២០២២-២០២៣ ដែលរៀបចំឡើងនៅកីឡាដ្ឋានភ្នំចេក ស្ថិតក្នុងភូមិបរយាខា សង្កា ត់ បរយាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោក លោក ស្រី ប្រធាន អនុប្រធានមន្ទីរជំនាញជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ បងប្អូនកីឡាករកីឡាការី និងសិស្សានុសិស្ស ជាច្រើននាក់។

លោកជំទាវ បាន ស្រីមុំ បានលើកឡើងថា វិស័យអប់រំកាយ និងកីឡា ជាសមាសភាគមួយដ៏សំខាន់ ក្នុងចំណោមសមាសភាគទាំងប្រាំនៃការអប់រំ សម្រាប់ពង្រឹងកាយសម្បទា និងសុខភាពអ្នកសិក្សាដែលមិនអាចខ្វះមួយណាបានឡើយ ពិសេសចំពោះក្មួយៗកុមារា កុមារី ដែលកំពុងសិក្សានៅកម្រិតបឋមសិក្សា ព្រោះអាចអភិវឌ្ឍន៍ កាយសម្បទា គំនិត ប្រាជ្ញា និងស្មារតីរបស់កុមារឱ្យមានលទ្ធភាពទទួលយកការអប់រំបានល្អ ។ កីឡាធ្វើឱ្យក្មួយៗសប្បាយ កីឡាធ្វើឱ្យក្មួយៗមានមិត្តច្រើន និងធ្វើឱ្យក្មួយៗ មានកាយសម្បទារឹងមាំ ឈ្នះអស់ជំងឺដង្កាត់ ទាំងឡាយ ធ្វើឱ្យខួរក្បាលក្មួយៗភ្លឺថ្លា ដូច្នេះត្រូវនាំគ្នាបន្តចូលរួមលេងកីឡា ព្រមទាំងខិតខំរៀនសូត្រ ដើម្បីក្លាយខ្លួនជាសិស្សល្អ មិត្តល្អ កូនល្អ ពិសេសក្លាយជាសិស្សពូកែ ពលរដ្ឋល្អ នាពេលអនាគត ។

ជាមួយគ្នានេះលោកជំទាវអភិបាលខេត្ត ក៏បានកោតសរសើរ ដោយស្មោះ ចំពោះថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត គណៈកម្មការរៀបចំការប្រកួត និងអនុគណៈកម្មការបច្ចេកទេសទាំងអស់ បានប្រឹងប្រែងរៀបចំគ្រប់បែបយ៉ាង ធ្វើឱ្យការប្រកួតនេះទទួលបាននូវភាពសុក្រឹត យុត្តិធម៌ និងជោគជ័យ។

យោងតាមរបាយការណ៍របស់លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានឲ្យដឹងថា សមាសភាពក្រុមកីឡាករ កីឡាការិនីបឋមសិក្សា ចូលរួមប្រកួតថ្នាក់ខេត្ត ឆ្នាំសិក្សា២០២២-២០២៣ មានចំនួន១១សាលា  មាន០៤វិញ្ញាសា រួមមាន ៖ បាល់ទាត់ប្រុស/ស្រីចំនួន ០៦ក្រុម , បាល់ទះប្រុស/ស្រីចំនួន ០៥ក្រុម , បាល់បោះប្រុស/ស្រីចំនួន ០៦ក្រុម និងអត្តពលកម្មប្រុស/ស្រីចំនួន ០៨ក្រុម ដែលមានកីឡាករ កីឡាការិនីសរុបចំនួន២៨៨នាក់ ស្រី ១២០នាក់។ចំណែកសមាសភាពក្រុមកីឡាករ កីឡាការិនីមធ្យមសិក្សា ចូលរួមប្រកួតថ្នាក់ខេត្ត ឆ្នាំសិក្សា២០២២-២០២៣ មានចំនួន០៦សាលា មាន០៤វិញ្ញាសា រួមមាន៖ បាល់ទាត់ប្រុសស្រី ចំនួន០៤ក្រុម, បាល់ទះប្រុសស្រីចំនួន ០៦ក្រុម, បាល់បោះប្រុសស្រីចំនួន ០៤ ក្រុម និងអត្តពលកម្ម ចំនួន០៨ក្រុម ដែលមានកីឡាករ កីឡាការិនីសរុប២៤០ នាក់ ស្រី ១៣២នាក់។  ការប្រកួតនេះមានរយៈពេល ១០ថ្ងៃគឺចាប់ពីថ្ងៃទី២០ ខែមីនា ដល់ ថ្ងៃទី២៩ ខែមីនាឆ្នាំ២០២៣ ។

ជាលទ្ធផលចំពោះវិញ្ញសាបាល់ទាត់ លេខ១ ទទួលបាន ថវិកា២លានរៀល ពានធំជើងឯកកីឡាចំនួន១ និងបាល់ចំនួន ០៦គ្រាប់ ។ ចំណាត់ថ្នាក់លេខ២ ទទួលបានថវិកាចំនួន១លាន៥សែនរៀល ទង់ចំណាត់ថ្នាក់លេខ២មួយ និងបាល់ចំនួន២គ្រាប់ ។ ចំពោះវិញ្ញសាបាល់ទះ លេខ១ ទទួលបានថវិកា១លានរៀល ពានធំជើងឯកកីឡាចំនួន១ និងបាល់ចំនួន ០៦គ្រាប់ ។ ចំណាត់ថ្នាក់លេខ២ ទទួលបានថវិកាចំនួន៧សែនរៀល ទង់ចំណាត់ថ្នាក់លេខ២មួយ និងបាល់ចំនួន២គ្រាប់ ។ ចំណាត់ថ្នាក់លេខ៣  ទទួលបានថវិកាចំនួន៧សែនរៀល ទង់ចំណាត់ថ្នាក់លេខ៣មួយ និងបាល់ទាត់ចំនួន២គ្រាប់ ។ ចំពោះវិញ្ញាសាបាល់បោះ លេខ១ ទទួលបានថវិកា១លានរៀល ពានធំជើងឯកកីឡាចំនួន១ និងបាល់ចំនួន ០៦គ្រាប់ ។ ចំណាត់ថ្នាក់លេខ២ ទទួលបានថវិកាចំនួន៧សែនរៀល ទង់ចំណាត់ថ្នាក់លេខ២មួយ និងបាល់ចំនួន២គ្រាប់ ។ចំណាត់ថ្នាក់លេខ៣  ទទួលបានថវិកាចំនួន៧សែនរៀល ទង់ចំណាត់ថ្នាក់លេខ៣មួយ និងបាល់ចំនួន៦គ្រាប់ ។ ចំពោះ វិញ្ញាសាអត្តពលកម្ម លេខ១ ទទួលបានថវិកា៦០ម៉ឺនរៀល ពានធំជើងឯកកីឡាចំនួន១ ។ ចំណាត់ថ្នាក់លេខ២ ទទួលបានថវិកា៥០ម៉ឺនរៀល ទង់ចំណាត់ថ្នាក់លេខ២មួយ និងចំណាត់ថ្នាក់លេខ៣  ទទួលបានថវិកាចំនួន៤០ម៉ឺនរៀល និងទង់ចំណាត់ថ្នាក់លេខ៣មួយ ផងដែរ ៕

CATEGORIES
Share This