ក្នុងត្រីមាសទី១ឆ្នាំនេះ កម្ពុជានាំចេញអង្ករទទួលបានចំណូលជាង ១២៦លានដុល្លារ
ភ្នំពេញ៖ ក្នុងត្រីមាសទីមួយនៃឆ្នាំនេះ កម្ពុជាបាននាំចេញអង្ករសរុបចំនួនជាង ១៧ម៉ឺនតោន ដោយទទួលបានប្រាក់ចំណូលប្រមាណជាង ១២៦ លានដុល្លារអាមេរិក។របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បាននិយាយកាលពីថ្ងៃពុធថា ការនាំចេញអង្ករបានកើនឡើង ៣,៥ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
អង្ករដែលនាំចេញរួមមាន អង្ករក្រអូប អង្ករសគ្រាប់វែង អង្ករសម្រូប និងអង្ករសរីរាង្គ។ អង្ករកម្ពុជា ត្រូវបាននាំចេញទៅកាន់ប្រទេស និងតំបន់ចំនួន ៤១។
ប្រទេសចិន នៅតែជាអ្នកទិញអង្ករកំពូលរបស់កម្ពុជា ដោយបានទិញអង្ករចំនួន ជាង៨,៤ ម៉ឺនតោន ឬ ៤៨ ភាគរយនៃការនាំចេញអង្ករសរុបរបស់កម្ពុជានៅក្នុងត្រីមាសទីមួយ។ ចំណែកទីផ្សារអឺរ៉ុប តំណាង ៣៨ភាគរយ ។
ដោយឡែកបរិមាណស្រូវ ដែលបាននាំចេញចំនួន ជាង ១,៥ លានតោន ទៅកាន់ប្រទេសវៀតណាម ទទទួលបានចំណូលជាង ៣៩០លានដុល្លារ។
នៅឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករជាង ៦៣ម៉ឺនតោន ទៅកាន់ប្រទេសចំនួន៥៩ រកចំណូលបាន ៤១៤លានដុល្លារ ខណៈចំណូលពីការនាំចេញស្រូវមាន ៨៤១លានដុល្លារ។
សហព័ន្ធស្រូវអង្ករកម្ពុជា បានកំណត់គោលដៅប្រកបដោយមហិច្ឆិតា ក្នុងការនាំចេញអង្ករយ៉ាងតិចមួយលានតោននៅឆ្នាំ២០២៥ ដែលកើនឡើងជាង៥០ភាគរយ បើធៀបនឹងតួលេខនាំចេញនៅឆ្នាំ២០២២៕