Connect with us

ព័ត៌មានជាតិ

បន្ទាយមានជ័យ ៖ ចាស់ជរា ស្ត្រីមេម៉ាយ ស្ត្រីមានផ្ទៃពោះ-កូនខ្ចី ស្ត្រីមានសតិមិនប្រក្រតី ១៥គ្រួសារ នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ បានទទួលអំណោយ ពីសមាគមនារីកម្ពុជាខេត្តបន្ទាយមានជ័យ ។

ការនាំអំណោយនេះ ក្រោមការដឹកនារបស់លោកជំទាវ ជ័យ ណារី អ៊ុំរាត្រី អនុប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍខេត្តបន្ទាយមានជ័យ អមដំណើរដោយលោកស្រី រស់ សុផានី អភិបាលរងខេត្ត និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍខេត្តបន្ទាយមានជ័យ ព្រមទាំងក្រុមការងារនារីខេត្ត និងមានការចូលរួមពីលោក អែម សុខា អភិបាលស្រុកថ្មពួក ។

លោក​ អែម​ សុខា​ អភិបាលស្រុកថ្មពួក​ មានប្រសាសន៍ថា ជំនួសមុខឲ្យប្រជាពលរដ្ឋ​ សូមថ្លែងអំណរគុណចំពោះសមាគមនារីកម្ពុជាខេត្ត​ ដែលមានលោកជំទាវ​ហេមចិត្តា​ អគ្គមហាឧបាសិកា​ពុទ្ធសាសនូបត្ថម្ភ​ន៍​​ បណ្ឌិត​ ម៉ៅ​ ម៉ាល័យ​ កែគឹមយ៉ាន​ ប្រធានកត្តិយសសមាគមនារីកម្ពុជា​ ដេីម្បីសន្តិភាព​ និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ​ តែងតែចាត់ក្រុមការងារចុះជួយពលរដ្ឋដែលមានជីវភាពខ្វះខាត​ ជាក់ស្តែងពលរដ្ឋទាំងប៉ុន្មានគ្រួសារ​ មានជីវភាពលំបាក។​ ជាពិសេសប្រុខរាជរដ្ឋាភិបាលក្រោមការដឹកនាំដោយសម្តេចតេជោ​ ហ៊ុន​ សែន​ តែងតែនាំក្បែរពលរដ្ឋជានិច្ច​ ទោះក្នុងកាលៈ​ ទេសៈណាក៏ដោយ​មិនដែលទុកបងប្អូនចោលឡេីយ។

មានប្រសាសន៍នាឱកាសនោះលោកជំទាវ​ ជ័យ​ ណារី​ អ៊ុំរាត្រី​ ក៏បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកជំទាវ​ ហេមចិន្តា​ អគ្គមហាឧបាសិកាពុទ្ធសាន៍នូបត្ថម្ភ​ បណ្ឌិត​ ម៉ៅ​ ម៉ាល័យ​ កែគឹមយ៉ាន ជូនចំពោះបងប្អូនស្ត្រីដែលក្ដីនឹករលឹក ។

ទន្ទឹមជាមួយគ្នានោះ​ លោកជំទាវ​ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមទៅចូលរួមបោះឆ្នោតទាំងអស់គ្នានៅថ្ងៃទី២៣​ ខែកក្កដា​ ឆ្នាំ២០២៣​នាពេលខាងមុខ​ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំដែលខ្លួនពេញចិត្ត​ ដើម្បីដឹកនាំប្រទេសកម្ពុជា ឱ្យកាន់តែមានភាពរីកចម្រើនអភិវឌ្ឍទៅមុខជាលំដាប់ ។

ចំពោះអំណោយពលរដ្ឋចាស់ជរា ស្រ្តីម៉េម៉ាយ ៧គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានអង្ករ២០គីឡូក្រាម, មីមួយកេស, ទឹកសុទ្ធវីតាល់មួយកេស គ្រឿងឧបភោគបរិភោគមួយចំនួន សារុងមួយ អាវកីឡាមួយ រួមនឹងថវិកាចំនួន២០ម៉ឺនរៀល ។ ស្ត្រីមានផ្ទៃពោះ កូនខ្ចី  កូនភ្លោះ ស្ត្រីមានសតិមិនប្រក្រតី ចំនួន៨នាក់ ក្នុងម្នាក់ទទួលបាន ឃីតមួយ, សារុងមួយ, អាវកីឡាមួយ រួមនឹងថវិកាម្នាក់ចំនួន៥ម៉ឺនរៀល។ ក្នុងនោះយុវជនដែលបានចូលរួមក្នុងម្នាក់ ទទួលបានសារុងមួយ, អាវកីឡាមួយផងដែរ ៕