Connect with us

ព័ត៌មានជាតិ

រថយន្ត០២គ្រឿង បុកគ្នាហោះទៅប៉ះម៉ូតូ០៣គ្រឿង បណ្តាលអោយមនុស្សច្រើននាក់ រងរបួសធ្ងន់ស្រាល

បាត់ដំបង ​៖  រថយន្ត​ពីរ​គ្គ្រឿងបុក​គ្នា​ពេញទំហឹង ហោះ​ទៅ​បុក​ម៉ូតូ​០៣​គ្រឿង​ផ្សេងទៀត បណ្ដាល​ឲ្យ​មនុស្សជា​ច្រើន​នាក់ រងរបួសធ្ងន់ស្រាល នៅ​វេលា​ម៉ោង​ប្រមាណ​៧​និង០០នាទី ថ្ងៃ​ទី១២ ខែមិថុនា ឆ្នាំ២០២៣ ស្ថិត​នៅក្នុងភូមិ​បឹង​រាំង សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់​ដំបង ​។

ប្រភពនៅ​កន្លែង​កើតហេតុ​នបានប្រាប់ថា ករណីគ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​ខាងលើនេះ ដំបូងឡើយ គេឃើញរថយន្ត​មួយ​គ្រឿង​ម៉ាក TOYOTA ពណ៌ស ​ពាក់​ស្លាក​លេខ​ ឧ​.​មាន​ជ័យ 2C-9898 បើកបរ​ដោយ​បុរសម្នាក់ ធ្វើ​ដំណើរតាមបណ្តោយផ្លួវហាយវេ ទិសដៅពីត្បូង​ទៅ​ជើង លុះមកដល់ចំណុចកើតហេតុខាងលើ(ផ្លូវបំបែកជាបួន) ក៏ស្រាប់តែមានរថយន្តម៉ាក NISSAN ពណ៌ស មួយគ្រឿង ពាក់ស្លាក​លេខភ្នំពេញ 2V-3037 ធ្វើ​ដំណើរពីលិចទៅ​កើត (​កាត់​ទទឹង​)បើក​ឆ្លង​ផុត​ចំណុចកណ្ដាល​ទៅ​ហើយ ក៏​ត្រូវ​រថយន្តTOYOTA បុក​ពេញទំហឹង​ ចំ​ពី​ចំហៀង​ផ្នែក​ខាង​មុខ​ រហូត​ធ្វើ​ឲ្យ​រថយន្តNISSAN វិល​ត្រឡប់​បែរក្រោយ ហើយរថយន្តTOYOTA ជ្រុល​ទៅ​បុក​រះ​ម៉ូតូ​០៣​គ្រឿង​ទៀត​ ដែល​ឈប់​រង់ចាំ​ឆ្លងថ្នល់ បណ្ដាល​ឲ្យ​មនុស្ស​ជា​ច្រើន​នាក់​រង​របួសធ្ងន់ និងស្រាល​ តែម្តង ។ ​

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅវាស់វែង ធ្វើកំណត់ហេតុយក​រថយន្ត​ទាំង​០២​គ្រឿង និងម៉ូតូ​០៣​គ្រឿង របស់​ជន​រង​គ្រោះទៅ​កាន់​ការិយាល័យចរាចរណ៍ខេត្ត ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់  ដោយឡែកជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ ៕
ដោយ ៖ សាលី