Connect with us

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ បើគ្មានសន្តិភាពទេ យើងមិនអាចរៀបចំកម្មពិធីជាបន្តបន្ទាប់ ហើយក៏គ្មានឱកាសជួបជុំគ្នាដែរ

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីពិសាអាហារសាមគ្គីក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលរៀបចំដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង។

នាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា ឆ្នាំនេះក៏មិនខុសពីឆ្នាំមុនៗដែរដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ក៏ដូចជាលោកជំទាវ ញ៉ែម សាខន សខេង ដែលបានផ្ដល់កិត្តិយសដ៏ឧត្តុង្គឧត្តមដល់មន្ត្រីក្រោមឱវាទនៃរដ្ឋបាលខេត្តដែលបានបំពេញភារកិច្ចរយពេល០១ឆ្នាំពេញក្នុងគោលដៅបំរើប្រទេសជាតិ និងបានកសាងសមិទ្ធផលមួយដ៏ថ្លៃថ្លាក្នុងគោលដៅដើម្បីបន្សល់ទុកសម្រាប់យុវជនក៏ដូចជាអ្នកជំនាន់ក្រោយ។

ជាមួយគ្នានេះ ឯកឧត្តមក៏បានកោតសរសើរចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាមហាគ្រួសារនៃមន្ទីរសាធារណការនិងដឹកជញ្ជូន ដែលជានិច្ចកាលក្នុងខេត្តបាត់ដំបងយើងនេះ បានបំពេញតួរនាទី ភារកិច្ច ប្រកបដោយសមត្ថភាពខ្ពស់ ជាស្មារតីក្នុងគោលដៅបម្រើប្រទេសជាតិជារួម ដែលមានសាមគ្គីភាពផ្ទៃក្នុងបានល្អប្រសើរ ។

លើសពីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសង្កត់ធ្ងន់ថា បើគ្មានសន្តិភាពទេ ឯកឧត្តមជឿជាក់១០០%ថាយើងមិនអាចរៀបចំធ្វើកម្មពិធីនេះជាបន្តបន្ទាប់ហើយជាពិសេសក៏គ្មានឱកាសជួបជុំគ្នានៅពេលនេះបានដែរ ដូច្នេះយើងត្រូវបន្តដឹងគុណ និងបន្តថែរក្សានូវសមិទ្ធផលថ្នាក់ដឹកនាំជំនាន់មុនអោយបានល្អប្រសើរ ហើយក្នុងគោលដៅដើម្បីបន្តថែរក្សានូវសមិទ្ធផលថ្នាក់ដឹកនាំជំនាន់មុនៗដែលសម្រេចបាន គឺយើងត្រូវមានឆន្ទះមួយខ្ពស់ទីមួយ យើងត្រូវបំពេញការងារអោយបានគ្រប់កាតព្វកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូនតាមរយះការខិតខំប្រឹងប្រែងស្មោះត្រង់ជាមួយគ្នាទៅវិញទៅមក ទីពីរគឺការបង្កើនក្នុងការជឿទុកចិត្តចូលរួមបំពេញការងារគ្នាទៅវិញទៅមក៕
ដោយ ៖ សាលី