Connect with us

ព័ត៌មានជាតិ

សត្វក្របីមួយក្បាល មិនដឹងមកពីណា ដេញវ័ធពលរដ្ឋរងរបួសច្រើននាក់ នៅកណ្តាលក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ៖ ពលរដ្ឋក្រុងប៉ោយប៉ែត ជាច្រើននាក់បានរត់ជាន់ជើងគ្នា ខណៈមានក្របីធំមួយក្បាល មិនដឹងមកពីណា រត់ដេញវ័ធពលរដ្ឋ បណ្តាលឲ្យរងរបួសច្រើននាក់ ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើ លើកឡើងកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចផ្សារអគ្គ និងផ្សារត្រី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យមនុស្ស ចំនួន០៦នាក់ រង​របួសធ្ងន់ស្រាល ។

តាមពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងថា នៅសុខៗស្រាប់តែមានសត្វក្របីធំមួយក្បាល សង្ស័យឡើងក បានដេញវ័ធប្រជាពលរដ្ឋ កំពុងធ្វើដំណើរតាមផ្លូវ នៅម្ដុំផ្សាអគ្គ នៅជិតកែងបំបែកជាបួនជ្រូកខ្វៃ ស្ថិតនៅក្នុងភូមិបាលេលិយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតបណ្តាលឲ្យរងរបួស៦នាក់ ដោយក្នុងនោះបួននាក់របួសធ្ងន់ មានស្រីបីនាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ។

បើតាមរូបភាពកាមេរ៉ាសុវត្ថភាព ដែលនៅក្បែលនោះឃើញថា សត្វក្របីខាងលើ បានជល់អ្នកកំពុងជិះម៉ូតូពីរនាក់ បណ្តាលឲ្យដួលម៉ូតូ ហើយម្នាក់ក្នុងចំណោមនោះ ត្រូវបានសត្វក្របីជល់នឹងស្នែងក្រវីក្រវ័ធ រហូតធ្លាក់ដល់ដី ស្ទុះងើបរត់ទាំងរបួស ។

ខណៈជល់មនុស្សជាច្រើននាក់ខាងលើហើយ ក៏នៅតែអាជ្ញាធរសង្កាត់ សមត្ថកិច្ចនគរបាល កម្លាំងកងរាជអាវុធហត្ថ មិនបានបង្រ្កាបដោយចាប់ ឬបាញ់សត្វក្របីនោះបានដែរ រហូតពីម៉ោងក្រោយ ទើបសត្វក្របីនោះ ត្រូវបានបុរសម្នាក់ចូលទៅចាប់បាន នៅគុម្ពចេក ដោយគ្រាន់តែអង្អែលផ្នែកខាងក្រោមនៃពោះ ដោយមិនអោយមានអ្នកណានៅជិត ព្រោះខ្លាចក្របីនោះផ្អើលដេញជល់ទៀត ហើយចង់ជើងយកទៅរក្សាទុកនៅអធិការនគរបាលក្រុងប៉ោយប៉ែត ដើម្បីរកម្ចាស់មកដោះស្រាយតាមច្បាប់ ៕