Connect with us

ព័ត៌មានជាតិ

ប្រទះឃើញ សាកសពបុរសម្នាក់ ដេកស្លាប់ដោយមិនដឹងមូលហេតុ

បាត់ដំបង ៖ សាកសពបុរសម្នាក់ ត្រូវបានពលរដ្ឋអ្នកឃ្វាលពពែ ប្រទះឃើញដេកស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ០៨និង៣០នាទី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចលើទួលវាលស្រែមួយកន្លែង ស្ថិតក្នុងក្រុមទី៩ ភូមិនរា២ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ។

ប្រភពពីម្តាយរបស់ជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ទក ប៊ុនធឿន ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលនៅមុនពេលកើតហេតុកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ជនរងគ្រោះមានអាការៈជំងឺរើឡើង(សសៃប្រសាទ) ប្រពន្ធក៏នាំយកទៅសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកឃុំរកា ក្នុងស្រុកសង្កែ ហើយក្រោយមកបន្ទាប់ពីបានដាក់សេរ៉ូមបានពីរបីកំប្លោក ក៏សុំពេទ្យចេញទៅផ្ទះវិញ ដោយប្រពន្ធកូនជិះម៉ូតូទៅមុន ចំណែកជនរងគ្រោះដើរតាមក្រោយព្រោះជិះមិនអស់គ្នា ។

ប្រភពដដែល បានបញ្ជាក់ថា ដោយបាត់យូរមិនឃើញជនរងគ្រោះទៅផ្ទះ ដើររកក៏មិនឃើញ បងប្អូនសាច់ញាតិក៏សំរេចដាក់ពាក្យប្តឹងទៅប៉ុស្តិ៍ លុះព្រឹកឡើងនៅថ្ងៃទី១៣ វេលាម៉ោងប្រមាណ០៨និង៣០នាទី ក៏មានការភ្ញាក់ផ្អើលដោយអ្នកឃ្វាលពពែប្រទះឃើញជនរងគ្រោះដេកស្លាប់នៅកណ្តាលទួលវាលស្រែបាត់ទៅហើយ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញនិងក្រុមគ្រូពេទ្យ បានចុះទៅពិនិត្យកោសល្យវិច័យ និងបញ្ជាក់ថា សាកសពជនរងគ្រោះបានស្លាប់ ដោយប៉ះជាមួយវត្ថុរឹង ព្រោះនៅលើក្បាលមានស្នាកស្នាមច្រើនកន្លែង និងរបួសរលាត់ដល់លលាក្បាល បន្ទាប់មកក៏បានធ្វើកំណត់ហេតុ ប្រគល់សពអោយក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ សាលី