Connect with us

ព័ត៌មានជាតិ

បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់សង្ស័យជាករណីគាំងបេះដូង

ខេត្តបាត់ដំបង! បុរសម្នាក់ដែលគេស្គាល់ថាជាបុគ្គលិករបស់ក្រុមហ៊ុន ណឹម ម៉េង គ្រុប ត្រូវបានក្រុមការងារធ្វើការជាមួយប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់កន្លែងការដ្ឋានកិនថ្ម បង្កការភ្ញាក់ផ្អើលនៅវេលាព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុ កាលពីរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ជនរងគ្រោះមានឈ្មោះ ភឿន ញ៉ូវ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅខេត្តសៀមរាប មានមុខងារជាមេក្រុមខួងផ្ទុះ នៅការដ្ឋានកិនថ្មមួយកន្លែងរបស់ក្រុមហ៊ុន ណឹម ម៉េង គ្រុប នៅទីតាំងភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង បានលេងបាល់ជាមួយក្រុមការងារធ្វើការជាមួយគ្នា លុះក្រោយមកពេលយប់ក៏បានបែកផ្លូវគ្នាចូលដេកតាមបន្ទប់កន្លែងការដ្ឋានរៀងៗខ្លួន លុះព្រឹកឡើងនៅវេលាម៉ោង៧ព្រឹកបាត់មិនឃើញជនរងគ្រោះចេញធ្វើការ ក្រុមការងារក៏បានចូលទៅហៅនៅក្នុងបន្ទប់ដេកក៏បានឃើញជនរងគ្រោះដេកស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យកោសល្យវិច័យដល់កន្លែងកើតហេតុ និងបានសន្និដ្ឋានថា សាកសពជនរងគ្រោះពិតជាស្លាប់ដោយសារគាំងបេះដូង បន្ទាប់មកក៏បានធ្វើកំណត់ហេតុប្រគល់អោយសាច់ញាតុិយករៀបចំធ្វើបុណ្យតាមប្រពៃណី។