Connect with us

ព័ត៌មានជាតិ

ឯកឧត្តម សុខ លូ ជំរុញអោយលោកគ្រូ អ្នកគ្រូ ជួយថែទាំសាលា និងរៀបចំបន្ទប់ទឹក កន្លែងលក់ដូរអោយបានស្អាត

បាត់ដំបង ៖ ក្នុងពិធីប្រគល់-ទទួលអគារសិក្សា ១ខ្នង នៅក្នុងបរិវេណសាលាអនុវិទ្យាល័យ សោហឺ ក្រុងបាត់ដំបង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងលោកជំទាវ ញ៉ែម សាខន ស ខេង នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានជំរុញអោយលោកគ្រូ អ្នកគ្រូ ជួយថែទាំសាលារៀន និងរៀបចំបន្ទប់ទឹក កន្លែងលក់ដូរអោយបានស្អាត ដើម្បីសុខភាពយើងទាំងអស់គ្នា ។

បន្ទាប់ពីធ្វើការត្រួតពិនិត្យនូវសំណង់អគារសិក្សា ឃើញថាមានការសាងសង់បានត្រឹមត្រូវ និងអនុវត្តតាមគំនូសប្លង់ស្ថាបត្យកម្ម ឯកឧត្តម សុខ លូ បានអញ្ជើញក្នុងការចុះហត្ថលេខាប្រគល់ និងទទួលអគារសិក្សា ប្រគល់ជូនមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង ដើម្បីអនុញ្ញាតឱ្យអនុវិទ្យាល័យ សោហឺ អាចប្រើប្រាស់ជាបណ្ដោះអាសន្ន នឹងបើកសម្ពោធជាផ្លូវការនាពេលខាងមុខឆាប់ៗនេះ ។

គួរបញ្ជាក់ថា! អគារសិក្សាថ្មី នៃអនុវិទ្យាល័យ សោហឺ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ដោយអគារមានទំហំ ៥៤ម៉ែត្រ x ១០,៧០ម៉ែត្រ កម្ពស់ ៣ជាន់ ស្មើនឹង ១៨បន្ទប់សិក្សា, សាលប្រជុំ ១បន្ទប់, បន្ទប់ ទឹកបុរស ៤បន្ទប់, បន្ទប់ទឹកស្ត្រី ៨បន្ទប់ បន្ទប់ទឹកសម្រាប់ជនពិការ ២បន្ទប់, ព្រមទាំងបំពាក់គ្រឿងបរិក្ខាក្នុងបន្ទប់មួយចំនួនដូចជា តុ កៅអី ក្ដារខៀន អំពូលភ្លើង និងកង្ហារជាដើម ដោយចំណាយទឹកប្រាក់សរុប ៤៥០.០០០ ដុល្លាសហរដ្ឋអាមេរិក (បួនរយហាសិបពាន់ដុល្លារសហរដ្ឋអាមេរិក) ៕
ដោយ ៖ សាលី