Connect with us

ព័ត៌មានជាតិ

ពលរដ្ឋច្រើនគ្រួសារស្នើរដល់អាជ្ញាធរក៏ដូចជាមន្ត្រីជំនាញពន្លឿនធ្វើផ្លូវដែលកំពុងរងការខូតខាត

(បាត់ដំបង)៖ ក្រោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់បានធ្វើអោយផ្លូវជាច្រើនខ្សែក្នុងក្រុងបាត់ដំបងរងការខូចខាតពិបាកធ្វើដំណើរទើបប្រជាពលរដ្ឋបង្ខំចិត្តស្នើដល់អាជ្ញាធរក៏ដូចជាមន្ត្រីជំនាញពន្លឿនការជួសជុលនិងធ្វើឡើងវិញ។

ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅតាមដងផ្លូវលំមួយខ្សែរត្រង់ចំណុចក្រុមទី២៤និង២៥ ស្ថិតក្នុងភូមិ១៣មករា សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង បានលើកឡើងដូចៗគ្នាអោយក្រុមអ្នកយកព័ត៌មានយើងដឹងនៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះថា ផ្លូវលំមួយខ្សែនៅក្នុងភូមិសាស្ត្រខាងលើនេះ បានរងការលំបាកយូរណាស់មកហើយដោយខ្វះប្រព័ន្ធលូនិងមុខទឹកហូរចេញបង្ករអោយជន់លិចនៅពេលភ្លៀងធ្លាក់មកម្តងៗនិងមានជង្ហុកជ្រៅៗពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ទៅមកនិងបណ្តាលអោយកើតមានករណីគ្រោះថ្នាក់សិស្សសាលាជិះម៉ូតូដួលជាញឹកញាប់ផងដែរ។

ជាមួយគ្នានេះប្រជាពលរដ្ឋបានសំណូមពរទៅដល់អាជ្ញាធរភូមិឃុំ ក៏ដូចជាមន្ត្រីជំនាញជួយដោះស្រាយធ្វើជូនពួកគាត់ផង បើមិនទាន់បានជាបេតុង ឬកៅស៊ូ ក៏បានត្រឹមគ្រួសម៊ិចចាក់បំពេញកិនបង្ហាប់ដើម្បីសម្រួលអោយពួកគាត់បានធ្វើដំណើរស្រួលផង ពីព្រោះចាប់តាំងពីក្រុមហ៊ុនមកកាយរៀបចំប្រព័ន្ធលូរំដោះទឹកស្អុយមក ខាងក្រុមហ៊ុនបានទុកចោល បណ្តាលអោយបែកភក់ ដក់ទឹក ពិបាកធ្វើដំណើរនៅពេលមានភ្លៀងធ្លាក់ម្តងៗ។

ពាក់ព័ន្ធទៅនឹងការលើកឡើងពីសំណាក់ប្រជាពលរដ្ឋខាងលើនេះដែរ លោក ថូ សំរិទ្ធ ចៅសង្កាត់ព្រែកព្រះស្តេច បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងតាមរយះទូរស័ព្ទថា ខាងសង្កាត់បានរាយការណ៍ទៅក្រុមហ៊ុនរួចហើយ ដោយខាងក្រុមហ៊ុនថា ប្រហែលជាអាចល្ងាចនេះ ឬរាំងភ្លៀងបន្តិចគេនិងចាក់ថ្មមិចអោយ ព្រោះខាងក្រុមហ៊ុនបានសន្យាថា ពេលដែលកាយធ្វើប្រព័ន្ធលូទឹកកខ្វក់ហើយ ខាងក្រុមហ៊ុននិងធ្វើផ្លូវសងវិញ។