Connect with us

ព័ត៌មានជាតិ

ប្រពន្ធកាប់សម្លាប់ប្តី នៅក្នុងផ្ទះដែលកំពង់ស្រវឹងដេកលង់លក់មិនដឹងខ្លួន រួចប្រពន្ធទៅសារភាព នៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន

ប៉ៃលិន៖ មានករណីឃាតកម្មមួយ បង្កដោយប្រពន្ធកាប់សម្លាប់ប្តីខ្លួនឯង នៅក្នុងផ្ទះ ក្រោយពីប្តីត្រឡប់មកពីចូលរួមខួបកំណើតស្រវឹងដេកលង់លក់មិនដឹងខ្លួន នៅវេលាម៉ោងប្រហែល៣ជិតភ្លឺ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ស្ថិតនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ 

លោកវរសេនីយ៍ត្រី ឡាំ សំរិទ្ធ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះសេង គឹមចេង អាយុ៧០ឆ្នាំ ជនដៃដល់ឈ្មោះ ចេងចាន់ថា អាយុ៤៨ឆ្នាំ មុខរបរលក់ដូរ អ្នកទាំងពីរ ប្តីប្រពន្ធតែងតែឈ្លោះប្រកែកគ្នាជារើយៗ ចាប់តាំងពីកូននៅតូចៗ មកម្លេះ គ្រាន់តែឈ្លោះរួចក៍ត្រូវគ្នាវិញ។ នៅមុនពេលកើតហេតុ ជនរងគ្រោះជាប្តីបានទៅខួបកំណើតគេពេលត្រឡប់មកវិញមានការឈ្លោះប្រកែកគ្នាខ្លាំងរួចដល់ជិតភ្លឺស្រាប់តែជនរងគ្រោះបានស្លាប់។

លោកវរសេនីយ៍ត្រីបានបញ្ជាក់ថា ស្ត្រីជាប្រពន្ធឈ្មោះ ចេង ចាន់ថា បានទៅសារភាពនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដោយបញ្ជាក់ថាខ្លួនបានសម្លាប់ប្តីហើយ។

ក្រោយពីធ្វើកោសល្យវិច្ច័យ នគរបាលបានសន្និដ្ឋានថាសពពិតជាស្លាប់ដោយសារការកាប់ជាច្រើនកាំបិតបណ្តាលអោយស្លាប់នៅក្នុងបន្ទប់ដេក។

បច្ចុប្បន្នជនសង្ស័យជាប្រពន្ធត្រូវបានឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្តចំណែកសពប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕