Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ស្ពឺប្រាប់ពលរដ្ឋដែលមានដីទំនេរឱ្យនាំគ្នាដាំពោតក្រហម ខណៈក្រុមហ៊ុនស៊ីភីប្រមូលទិញ៥០ម៉ឺនតោនក្នុងមួយឆ្នាំ

កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង បានប្រាប់ពលរដ្ឋឱ្យនាំគ្នាដាំពោតក្រហម ខណៈក្រុមហ៊ុនផលិតចំណីសត្វស៊ីភី(CPF)ប្រមូលទិញ៥០ម៉ឺនតោនក្នុងមួយឆ្នាំ។កាណ៍នេះធ្វើឡើងគ្រាដែលលោកដឹកនាំមន្ទីរជំនាញពាក់ពន្ធ័និងអាជ្ញាធរស្រុកចុះពិនិត្យការប្រមូលផលពោតក្រហមរបស់ក្រុមហ៊ុនយេឡូហ្វៀលស្ថិតក្នុងភូមិអូរអញ្ចារ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣។

លោក វ៉ី សំណាង បានលើកឡើងថា ពលរដ្ឋទាំងអស់មិនគួរទុកដីឱ្យទំនេរចោលទេ គួរនាំគ្នាដាំដុះដំណាំគ្រប់ប្រភេទដើម្បីទាញយកប្រាក់ចំណូលបន្ថែមផ្គត់ផ្គង់គ្រួសារ។មួយវិញទៀតដំណាំពោតក្រហមកំពុងមានទីផ្សារល្អ មួយតោនអាចលក់បានតំលៃជាមធ្យម៨០ម៉ឺនរៀលឬអាចលើសពីនេះ។ហើយអ្វីដែលធ្វើឱ្យកសិករអ្នកផលិតកាន់តែមានទំនុកចិត្តនោះគឺមានក្រុមហ៊ុននៅចាំទទួលទិញដោយមិនឱ្យអ្នកផលិតធ្វើបានគ្មានទីផ្សារនោះទេ។

ជាមួយនោះដែរអភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង បានប្រាប់ក្រុមហ៊ុនស៊ីភីដែលទទួលទិញកសិផលពីកសិករ សូមរក្សាតំលៃ កុំទំលាក់ថ្លៃពេលពួកគាត់ធ្វើបាន។ប្រការនេះគឺដើម្បីជួយលើកទឹកចិត្តដល់អ្នកដាំ អ្នកផលិតឱ្យពួកគាត់ខិតខំបន្ត និយាយរួមអាចផលិតផ្គត់ផ្គង់តម្រូវការក្រុមហ៊ុន។ហើយក្នុងនោះក្រុមហ៊ុនត្រូវងាកទៅប្រើប្រាស់ត្រូនកសិកម្មវិញដើម្បីបាញ់ថ្នាំសម្លាប់សត្វល្អិតចង្រៃជំនួសការប្រើមនុស្សដែលនាំឱ្យប៉ះពាល់ដល់សុខភាព។

លោក កៅ តុលា ប្រធានបច្ចេកទេសដាំរបស់ក្រុមហ៊ុនស៊ីភី(CPF)បានឱ្យដឹងថា ក្រុមហ៊ុនបានធ្វើការដាំសាកល្បងលើផ្ទៃដី៣០០ហិកតា លើការគ្រោងទុក៣០០០ហិកតា ដោយដាំពោតក្រហមប្រភេទ៥០១។នៅក្នុងគម្រោងសាកល្បងនេះ ក្នុងមួយហិកតាទទួលផលបាន៨តោនទៅជិត១០តោន គិតជាប្រាក់បានប្រមាណជិត៧លានរៀល។