Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៦គ្រួសារ និងរងគ្រោះដោយអគ្គិភ័យ០១គ្រួសារ បានទទួលអំណោយពីសាខាកាកបាទក្រហម

(បាត់ដំបង) នៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានចាត់តំណាងសាខាដឹកនាំដោយលោក ផេង សិទ្ធី អភិបាលរងខេត្ត ជាសមាជិកគណៈកម្មាធិការសាខានិងសហការី រួមជាមួយក្រុមកាកបាទក្រហមសង្កាត់ អ្នកស្ម័គ្រចិត្តភូមិ បានអញ្ចើញចុះសំណេះសំណាលសួរសុខទុក និងបានផ្តល់អំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន៦គ្រួសារ និងរងគ្រោះដោយអគ្គិភ័យ១គ្រួសារ នៅក្រុងបាត់ដំបង ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋទាំងអស់ក្នុងនាម ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា លោក ផេង សិទ្ធី  បានសម្តែងនូវក្តីសោមនស្សរីករាយ និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចតែងតែផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ ការគិតគូរពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសការពាំនាំនូវសារអប់រំថែទាំសុខភាព ត្រូវគិតគូរថែទាំទាំងសុខភាពផ្លូវកាយ ផ្លូវចិត្តឱ្យបានល្អ បន្ថែមពីនេះបានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ត្រូវពិសាទឹកដាំឆ្អិន រស់នៅមានអនាម័យ សម្រាកក្នុងមុងជានិច្ច និងលើកកម្ពស់សុវត្ថិភាពអាហារប្រចាំថ្ងៃ តាមរយៈការដាំបន្លែបង្ការក្នុងគ្រួសារ ដើម្បីបានសុខភាពល្អផង និងកាត់បន្ថយការចំណាយក្នុងគ្រួសារផង។

ឆ្លៀតក្នុងឱកាសនោះដែល លោក ផេង សិទ្ធី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានបរិច្ចាគធនធានថវិកាប្រកបដោយទឹកចិត្តជ្រះថ្លាជូនសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដើម្បីឱ្យសាខាកាកបាទក្រហមកម្ពុជាខេត្ត អាចចុះបំពេញប្រតិបត្តិការមនុស្សធម៌បានដូចនាពេលនេះ និងជាបន្តបន្ទាប់ទៀត។

ជាកិច្ចឆ្លើយតប ក្នុងនាមប្រជាពលរដ្ឋទាំងអស់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម សុខ លូ ជាពិសេសកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ តែងតែបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋដោយគ្មានការរើសអើងអ្វីឡើយ។

អំណោយដែលផ្តល់ជូនគ្រួសារនីមួយៗទទួលបាន សម្ភារៈសម្រាប់ ឧបត្ថម្ភដល់គ្រួសារក្រីក្រ ៥គ្រួសារ រួមមាន៖
-អង្ករ 25គីឡូក្រាម -មី 1កេស -ត្រីខ 1យួរ -ទឹកត្រី1យួរ -ទឹកស៊ីអ៊ីវ1យួរ -ឃីត (មុង ,ភួយ,សារុង ,ក្រមា ) ១. និងថវិកាមួយចំនួនផដែរ ដោយឡែកគ្រួសាររងគ្រោះអគ្គិភ័យទទួលបាន៖
.អង្ករ 100គីឡូក្រាម -មី ២កេស -ត្រីខ ២យួរ -ទឹកត្រី ២យួរ -ទឹកស៊ីអ៊ីវ ២យួរ -ឃីត 1(មុង ,ភួយ,សារុង ,ក្រមា ) .និងថវិកា 200,000 រៀល។