Connect with us

ព័ត៌មានជាតិ

លោកព្រួញ រិទ្ធថា ចុះសំណេះសំណាល និងនាំយកគ្រឿងឧបភោគបរិភោគផ្តល់ជូនក្រុមកីឡាករទូកងរដែលត្រៀមហាត់សមដើម្បីប្រណាំងក្នុងពិធីបុណ្យចេញព្រះវស្សា

(បាត់ដំបង)! នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងនាំយកគ្រឿងឧបភោគបរិភោគផ្តល់ជូនដល់ក្រុមកីឡាករទូកងរខ្នាតអន្តរជាតិដែលមានឈ្មោះ (សាធារណៈការសជ័យ បារមីកំចាយមារ )ដែលត្រៀមហាត់សមដើម្បីចូលរួមប្រណាំងនៅស្ទឹងសង្កែក្នុងឱកាសនៃពិធីបុណ្យចេញព្រះវស្សានាថ្ងៃខាងមុខនេះ។

ក្នុងឱកាសជួបសំណេះសំណាលនាព្រឹកនេះដែរ លោក ព្រួញ រិទ្ធថា បាននាំយកគ្រឿងឧបភោគបរិភោគមួយចំនួនផ្តល់ជូនដល់ក្រុមកីឡាករ និងបានណែនាំជម្រុញអោយក្រុមកីឡាករទូកងរ(សាធារណៈការសជ័យ បារមីកំចាយមារ )ទាំងអស់អោយប្រឹងប្រែងសមហ្វឹកហាត់ មុននិងឈានដល់ការប្រកួត ដើម្បីអោយស្គាល់ខ្សែទឹកខាងក្នុង និងខ្សែទឹកខាងក្រៅ ជាពិសេសណែនាំអោយពួកគាត់ថែទាំសុខភាព ដើម្បីប្រឹងប្រែងយកជ័យជំនះអោយបាន។

គួររំលឹកថា ដើម្បីអបអរសាទរពិធីបុណ្យចេញព្រះវស្សា និងការចូលរួមចំណែកថែរក្សាទំនៀមទំលាប់ប្រពៃណីជាតិដ៏រុងរឿងរបស់យើង ជាពិសេសទំនៀមទំលាប់របស់ខេត្តបាត់ដំបង ក៏ដូចជាការបើកឱកាសជូនបងប្អូនប្រជាពលរដ្ឋបានចូលរួមកម្សាន្តសប្បាយរីករាយ រដ្ឋបាលខេត្តបាត់ដំបងនឹងរៀបចំពិធីបុណ្យអុំទូក និងបណ្តែតប្រទីបនៅតាមបណ្តោយដងស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបងដែលប្រព្រឹត្តទៅរយៈ ពេល០២ថ្ងៃនាថ្ងៃសៅរ៍-អាទិត្យ ១៤-១៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ។