Connect with us

ព័ត៌មានជាតិ

លោកជំទាវ ពុំ ចន្ទីនី បន្តនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងរហ័សចំនួន ៤៧២គ្រួសារនៅខេត្តបាត់ដំបង

(បាត់ដំបង)កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៣នេះ បានបន្តចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជួយសម្រាលការលំបាកផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងរហ័សចំនួន ៤៧២គ្រួសារ រស់នៅក្រុងស្រុកចំនួន៤រួមមាន!ក្រុងបាត់ដំបង ស្រុកឯកភ្នំ ស្រុកសង្កែ និងស្រុកបាណន់ ។

ក្នុងឱកាសជួបសំណេះសំណាល និងផ្តល់អំំណោយនាពេលនេះដែរ លោកជំទាវ ពុំ ចន្ទីនី បានពាំនាំមកនូវព្រះរាជបន្ទូលនិងប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយក្តីនឹករលឹក និងមនោសញ្ចេតនាជាប់ជានិច្ចជាមួយប្រជានុរាស្ត្រកូនចៅនិងប្រជាពលរដ្ឋគ្រប់ពេលវេលា។

ទន្ទឹមនឹងនេះ លោកជំទាវអគ្គលេខាធិការ បានពាំនាំផ្តាំផ្ញើនូវសារសុខភាពមួយចំនួនជូនដល់បងប្អូនដោយបញ្ជាក់ថានៅក្នុងឆ្នាំ២០២៣នេះ ការផ្ទុះនូវជំងឺគ្រុនឈាម គ្រុនឈីក និងមានជំងឺហ្ស៊ីកាមួយរណី ជំងឺផ្តាសាយបក្សីមួយករណី ហើយជំងឺគ្រុនឈាមនេះឆ្លងទាំងកុមារនិងមនុស្សចាស់ តែបើកើតនៅលើកុមារគឺមានការព្យាបាលងាយស្រួលបន្តិច ប៊ុន្តែបើកើតនៅលើមនុស្សចាស់ពិបាកព្យាបាលណាស់ ដូច្នេះនេះជារដូវមានភ្លៀងធ្លាក់ សូមបងប្អូនប្រជាពលរដ្ឋសម្អាតបរិស្ថានជុំវិញផ្ទះ ដោយកុំចាត់ជម្រកមុសមានដូចជា សំបកដូង សំបកកង់ កង់ម៉ូតូ កង់ឡាន ឬវត្ថុដែលអាចដក់ទឹកបាន ប្រសិនបើយើងមានអាការៈក្តៅស្រៀវស្រាញមិនស្រួលខ្លួនទេសូមបងប្អូនទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាពឲ្យបានទាន់ពេលវេលា ប្រសិនបើយើងមិនបានព្យាបាលឲ្យទាន់ពេលវេលាវាអាចធ្វើឲ្យយើងស្លាប់បាន។

ហើយស្ត្រីក្នុងវ័យបន្តពូជ ស្ត្រីដែលមានផ្ទៃពោះសូមទៅពិនិត្យសុខភាពយ៉ាងតិច៤ដងមុនសម្រាល ហើយត្រូវសម្រាលកូននៅមណ្ឌលសុខភាពព្រោះនៅទីនោះមានឆ្មបជំនាញដែលមានវិជ្ជាជីវៈច្បាស់លាស់ និងស្ត្រីដែលទើបសម្រាលកូនរហូតដល់កុមារមានអាយុដល់២ឆ្នាំសូមទៅទទួលវាក់សាំងឲ្យបានគ្រប់ចំនួនដែលក្រសួងសុខាភិបាលបានកំណត់។

សម្រាប់ការងារបរិស្ថាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានគឺយកចិត្តទុកដាក់ខ្លាំងណាស់ ហើយជានិច្ចកាល កាកបាទក្រហមកម្ពុជា មានអ្នកស្ម័គ្រចិត្តនិងយុវជនកាកបាទក្រហមកម្ពុជា តែងតែមានសកម្មភាពដាំដើមឈើជារៀងរាល់ឆ្នាំ ហើយថ្មីៗនេះ កាកបាទក្រហមកម្ពុជា បានចុះអនុស្សរណៈយោគយល់ជាមួយក្រសួងបរិស្ថាន ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” ហេតុដូចនេះ លោកជំទាវអគ្គលេខាធិការ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជាការចាប់ផ្តើមដំបូង សូមកុំប្រើប្រាស់ថង់ប្លាស្ទិក១ថ្ងៃក្នុងមួយសប្តាហ៍។

បន្ថែមពីនេះលោកជំទាវអគ្គលេខាធិការ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងខេត្តបាត់ដំបង ដែលបានយកចិត្តទុក្ខដាក់ និងបានចុះពិនិត្យស្ថានភាពទឹកទំនន់ និងស្នើសុំជំនួយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះបានទាន់ពេលវេលាផងដែរ។