Connect with us

ព័ត៌មានជាតិ

នគរបាលឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពីបទឃាតកម្មគិតទុកជាមុន (យកកាំបិតខ្វែវកាប់)

បាត់ដំបង ៖ កម្លាំងនៃ​អធិការដ្ឋាននគរបាលស្រុកសង្កែ​ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងក្រុមអន្តរាគមន៍បង្ការបង្រ្កាប​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះធ្វេីការស៊េីបអង្កេតស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ចោទពីបទឃាតកម្មគិតទុកជាមុន (យកកាំបិតខ្វែវកាប់) ។

កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង ១៦និង៣០នាទី​ ថ្ងៃទី១៦​ ខែវិច្ឆិកា​ ឆ្នាំ២០២៣​ នៅចំណុចភូមិពុកឆ្មា​ ឃុំអន្លង់វិល ស្រុកសង្កែ​ ខេត្តបាត់ដំបង  ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ដែលទី១.ឈ្មោះ​ យឿម​ ម៉ែន​ ភេទប្រុស​ អាយុ២១ឆ្នាំ​ (ជនដៃដល់), ២.ឈ្មោះ​ សឿប​ ស៊ីតង​ ភេទប្រុស​ អាយុ២៣ឆ្នាំ​ (បក្សពួក), ៣.ឈ្មោះ​ វី​ ខេត ហៅ​ វ៉ា ភេទប្រុស​ អាយុ២០ឆ្នាំ​ (បក្សពួក) ដែលអ្នកទាំង០៣នាក់ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៩និង១៩នាទី​ នៅចំណុចក្រុមទី០១ ភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង បានជិះម៉ូតូចំនួន០២គ្រឿង បានធ្វេីសកម្មភាពដោយយកកាំបិតខ្វែវកាប់ទៅរបស់ជនរងគ្រោះឈ្មោះ​ ធឿម​ ចំរេីន ភេទប្រុស​ អាយុ២១ឆ្នាំ​ មានទីលំនៅក្រុមទី០៦​ ភូមិកូនក្អែក២​ ឃុំរបស់មង្គល ស្រុកមោងឬស្សី ខេត្តបាត់ដំបង ត្រូវចំក្បាលពីក្រោយចំនួន០១កន្លែង​ បណ្តាលអោយរងរបួសបែកហូរឈាម​ រហូតដល់ស្លាប់នៅក្នុងមន្ទីពេទ្យបង្អែកខេត្តបាត់ដំបង ។

ក្រោយពេលឃាត់ខ្លួនសាកសួរធ្វេីកំណត់ហេតុជនសង្ស័យទាំងបីនាក់​ បានឆ្លេីយសារភាពថា​ ពួកខ្លួនបានធ្វេីសកម្មភាពតាមរកជនរងគ្រោះ​ឈ្មោះ​ ធឿម​ ចំរេីន ហេីយឈ្មោះ​ យឿម​ ម៉ែន​ បានធ្វេីសកម្មភាពយកកាំបិតខ្វែងកាប់ទៅលេីជនរងគ្រោះ​ បណ្តាលអោយរងរបួស​ ពិតប្រាកដមែន ហើយមូលហេតុ​បណ្តាលអោយមានករណីហិង្សានេះកេីតឡេីង​ ដោយសារជនសង្ស័យឈ្មោះ​ យឿម​ ម៉ែន​ ផ្ទុះកំហឹងនិងជនរងគ្រោះ​ ដែលបានទាក់ទងជាមួយប្រពន្ធរបស់ជនសង្ស័យ ៕
ដោយ ៖ សាលី