Connect with us

ព័ត៌មានជាតិ

វេទិការសាធារណ: ៖ ពលរដ្ឋលើកបញ្ហាអត់ទីផ្សារកសិផល អភិបាលខេត្តប៉ៃលិន ចុះជួយដកនិងទិញ មើមដំឡូងជ្វា

ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ កាលពីរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោយពីចូលរួមវេទិការសាធារណ: ដែលរៀបចំឡើង ដោយក្រុមប្រឹក្សានិងរដ្ឋបាលខេត្តប៉ៃលិន ដោមានការលើកឡើងពីពលរដ្ឋជួបការលំបាក គ្មានទីផ្សារទិញដំឡូង ក៏ដឹកនាំ ក្រុមការងារមន្ត្រីរាជការកងកម្លាំង ទាំង៣ប្រភេទ យុវជនសសយក ចុះជួយដកនិងទិញដំឡូងជ្វា ប្រជាពលរដ្ឋដែលស្ថិតនៅ ភូមិផ្ទះស្បូវ ឃុំស្ទឹងកាច់ស្រុក សាលាក្រៅ ខេត្តប៉ៃលិន ។

លោក អ៊ុំ លៀមនុន អាយុ៨០ឆ្នាំ នៅភូមិផ្ទះស្បូវ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានអោយដឹងថា លោកបានដាំដំឡូងជ្វានេះ ចំនួន៥ហិកតា និងត្រូវដកក្នុងខែនេះ តែគ្មានឈ្មួញដើរ ទិញឡើយទើបទុកចោល ខណៈជីវភាពកំពុងខ្វះខាត ។

លោកអ៊ុំបានអោយដឹងទៀតថា ការដាំដំឡូងជ្វានេះ ចំណាយអស់ដើមទុនចំនួន៣លានរៀល ហើយបើលក់ដូចឆ្នាំមុនៗ បានតម្លៃ១ពាន់រៀលក្នុង១គីឡូក្រាម អាចចំណេញគួរសម្យ តែឆ្នាំនេះខែមុន គេលក់បាន៤០០រៀល ក្នុង១គីឡូក្រាម តែឥលូវគ្មានអ្នកទិញទេ ។

លោកអ៊ុំ បានថ្លែងអំណរគុណ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដែលបានដឹកនាំ ក្រុមការងារចុះជួយដក និងទិញដំឡូង ព្រមទាំងអោយថវិការយ៉ាងច្រើនដល់គាត់ ។

គួរបញ្ជក់ថា លោកជំទាវ បាន ស្រី អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន តែងយកចិត្តទុកដាក់ គិតគូទៅលើពលរដ្ឋរបស់លោកជំទាវ ដែលជួបបញ្ហា និងខ្វះខាត់ ដោយមិនទុកអោយពលរដ្ឋ ជួបការលំបាកឡើយ ៕