Connect with us

ព័ត៌មានជាតិ

ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកប្រជុំសាមញ្ញលើកទី៥៤ អាណត្តិទី៣ របស់ខ្លួន

ប៉ៃលិន៖ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ច ប្រជុំសាមញ្ញលើកទី៥៤ អាណត្តិទី៣ របស់ខ្លួន ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និង លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត លោក-លោកស្រី ប្រធានមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុក ជាច្រើននាក់ផងដែរ ។

ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈដូចជា ៖ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើក ទី៥៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន ២-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារ ប្រចាំ ខែវិច្ឆិកា ឆ្នាំ២០២៣ និងទិសដៅការងារបន្តខែបន្ទាប់ របស់រដ្ឋបាលខេត្តប៉ៃលិន និង ៣-បញ្ហាផ្សេងៗ ។
ក្រោយពីបានស្តាប់ការលើកឡើងពីរបៀបវារៈ និងបញ្ហាសំខាន់ៗក្នុងកិច្ចប្រជុំរួចមក លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ក្រើនរំលឹកមន្ទីរជំនាញស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង/ស្រុក ត្រូវមើលឡើង វិញ នូវរាល់បញ្ហា នាពេលកន្លងមក មិនត្រូវទុកចោលនោះទេ គឺត្រូវដោះស្រាយជូនពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយ មិន ត្រូវ រើសអើង ប្រកាន់បក្សពួកនិយម និងគ្រួសារនិយម ជាពិសេសត្រូវខិតខំដុសខាត់ទាំងចំណេះដឹង និងសមត្ថភាព ក្នុងនាមជាតំណាងសាធារណៈ ស្វ័យភាពរបស់មូលដ្ឋាន ដើម្បីអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ឆ្លើយតបទៅនឹងតម្រូវ ការចាំបាច់របស់ប្រជាពលរដ្ឋ ប្រកបដោយសមធម៌ បរិយាប័ន្ន និងមានចីរភាព ឈានឆ្ពោះទៅរួមចំណែកជាមួយ រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ ។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍កោតសរសើរ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំង ប្រដាប់ អាវុធទាំង ៣ប្រភេទ ដែលកន្លងមកបានខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធិភាព ជាពិសេស បាន ចូលរួមក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការបម្រើសេវាសាធារណៈនានាបានល្អប្រសើ និងបាន កសាង សមិទ្ធផលនានា នៅតាមមូលដ្ឋានឱ្យលេចឡើងជារូបរាង ដែលជាការរួមចំណែកឲ្យខេត្តប៉ៃលិនយើង មានភាពរីក ចម្រើន ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន បានមានប្រសាសន៍ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ រដ្ឋបាលខេត្តប៉ៃលិន ដែលមានលោកជំទាវបណ្ឌិត បាន ស្រីមុំ ជាអភិបាលខេត្ត បានខិតខំប្រឹងប្រែង ធ្វើ ការដោះ ស្រាយនូវ រាល់ បញ្ហា នានាជូនដល់ប្រជាពលរដ្ឋ និងការអនុវត្តនូវគោល នយោបាយភូមិ/ឃុំ មានសុវត្តិភាព នៅតាម មូលដ្ឋានប្រកប ដោយ ប្រសិទ្ធិភាពខ្ពស់ និងបានធ្វើការអភិវឌ្ឍខេត្ត ឱ្យមានការរីកចំរើនជាបន្ត បន្ទាប់ គួរជាទីមោទន ជាក់ ស្តែងការរៀបចំ សោភ័ណ្ឌ ភាព ខេត្តយ៉ាងស្រស់ស្អាត គួរអោយទាក់ទាញ ដែលធ្វើអោយភ្ញៀវជាតិ និងអន្តរជាតិមកកំសាន្ត មាន ការស្ងើច សសើរ មិន ដាច់ពីមាត់ ចំពោះការកែប្រែមុខមាត់ថ្មីរបស់ខេត្តប៉ៃលិន ។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សា ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ ត្រូវបន្តខិតខំបន្ថែមទៀត ក្នុងន័យបម្រើផលប្រយោជន៍ និង សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើការដោះស្រាយបញ្ហាប្រឈមនានា ក៍ដូចជាបំរើ សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័សទាន់សភាពការណ៍ និងមានប្រសិទ្ធភាពខ្ពស់ ៕