Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចព័ទ្ធឃាត់ខ្លួន ជនបែកថ្នាំម្នាក់ ក្រោយបង្ខាំងប្អូនស្រីពរពោះទុកក្នុងផ្ទះ និងកាន់កាំបិតដើរបំភ័យអ្នកស្រុក

បាត់ដំបង ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរតនៈ ចុះធ្វើការឡោមព័ទ្ធឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលគេស្គាល់ថា ជាមនុស្សបែកថ្នាំ ក្រោយរូបគេបានចាក់សោរបង្ខាំងប្អូនស្រីបង្កើត ដែលកំពុងពរពោះម្នាក់ទុកក្នុងផ្ទះ និងកាន់កាំបិតខ្វែវដើរបំភ័យអ្នកស្រុក ។

ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១១ និង២០នាទី ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចភូមិសូភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង ដែលជនសង្ស័យមានឈ្មោះ ខៀវ សារិទ្ទ ហៅ ពោយ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ ដែលជនសង្ស័យរូបនេះ បើយោងតាមការលើកឡើងរបស់ប្អូនស្រីម្នាក់ បានបញ្ជាក់ថា បងប្រុសរបស់ខ្លួន ដែលជាជនសង្ស័យ រយៈពេលកន្លងមក ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដាក់ពន្ធនាគារពីរលើកមកហើយ ពី០១ឆ្នាំទៅ០២ឆ្នាំ ពាក់ព័ន្ធជាមួយករណីលួច និងហឹង្សា ហើយនេះជាលើកទី០៣ ពាក់ព័ន្ធករណីបង្ខាំងប្អូនស្រីពរពោះទុកក្នុងផ្ទះ និងកាន់កាំបិតខ្វែវដើរក្រវីពេញភូមិបំភ័យអ្នកស្រុក ។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ហើយជាមួយគ្នានេះ ក្រុមគ្រួសាររបស់ជនសង្ស័យ ក៏ដូចជាប្រជាពលរដ្ឋ ដែលរស់នៅកន្លែងកើតហេតុខាងលើ ក៏បានសំណូមពរទៅដល់អាជ្ញាធរមានសមត្ថកិច្ច ជួយធ្វើយ៉ាងណាឃុំខ្លួនជនសង្ស័យអោយបានយូរ ដើម្បីរក្សាសុខសវត្ថិភាពជូនប្រជាពលរដ្ឋ ៕
ដោយ ៖ សាលី