Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ហុី ព្រូ ចុះត្រួតពិនិត្យ លិខិតបទដ្ឋានគតិយុត្តិ និងកន្លែងឃុំឃាំង បណ្តោះអាសន្ន របស់ស្នងការខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ បានចាត់តំណាងឱ្យលោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងផែននគរបាលព្រហ្មទណ្ឌដឹកនាំ លោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង លោកនាយ នាយរងការិយាល័យ នគរបាលព្រហ្ម សន្តិសុខ ប្រឆាំងគ្រឿងញៀន ប្រឆាំងការជួញដូរមនុស្ស ការពារនីតិជន នគរបាលសណ្តាប់ធ្នាប់សាធារណៈ ទទួលជួបសំណេះសំណាល ជាមួយ ឯកឧត្តម ហុី ព្រូ  សមាជិកនៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងដើម្បីត្រួតពិនិត្យ លិខិតបទដ្ឋានគតិយុត្តិ និងកន្លែងឃុំឃាំងបណ្តោះអាសន្ន  ក្នុងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។

ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងផែននគរបាលព្រហ្មទណ្ឌ បានទទួលស្វាគមន៍ និងជម្រាបជូនក្រុមការងារ អំពីស្ថានភាពទូទៅ ការអភិវឌ្ឍរីកចម្រើន លិខិតបទដ្ឋានគតិយុត្តិ និងកន្លែងឃុំឃាំងបណ្តោះអាសន្ន  ក្នុងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។

ក្នុងដំណើរចុះត្រួតពិនិត្យនោះដែរ ឯកឧត្តម ហុី ព្រូ បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ ថ្នាក់ដឹកនាំស្នងការដ្ឋាន អំពីតួនាទី និងភារកិច្ចរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងវិធានការបង្ការ ទប់ស្កាត់អំពើទារុណកម្ម។

សូមជម្រាបថា គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ត្រូវបានរាជរដ្ឋាភិបាលប្រគល់តួនាទី និងភារកិច្ចជាច្រើនក្នុងនោះ គឺការចុះត្រួតពិនិត្យជាទៀងទាត់តាមបណ្តាមន្ទីរឃុំឃាំង ពន្ធនាគារ និងកន្លែងដកហូតសេរីភាពនានាទូទាំងប្រទេសកម្ពុជា ហើយធ្វើរបាយការណ៍ជូនរាជរដ្ឋាភិបាល តាមទិដ្ឋភាពជាក់ស្តែង។

ជាការឆ្លើយតប ឯកឧត្តម ហុី ព្រូ   បានជម្រាបជូនថា បេសកកម្មចុះត្រួតពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ដែលរាជរដ្ឋាភិបាលប្រគល់ឱ្យ ដើម្បីធានាការពារ បង្ការ ទប់ស្កាត់ និងឈានដល់ការលុបបំបាត់ទាំងស្រុង នូវអំពើទារុណកម្មគ្រប់ទម្រង់ និងពង្រឹងកិច្ចការពារជនទាំងឡាយ ដែលត្រូវបានដកហូតសេរីភាព ឱ្យរួចផុតពីការធ្វើទារុណកម្ម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងពង្រឹងនីតិរដ្ឋនៅកម្ពុជា ។ ដើម្បីឱ្យការងារប្រយុទ្ធប្រឆាំងអំពើទារុណកម្មនេះ ទទួលបានជោគជ័យ គឺយើងត្រូវការកិច្ចសហការ និងការចូលរួមយ៉ាងសកម្មពីតួអង្គសំខាន់ៗ ទាំងអស់ ជាពិសេសអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងមន្រ្តីអនុវត្តច្បាប់ ហើយការរួបរួមគ្នាក្នុងការបង្ការ ទប់ស្កាត់ និងឈានដល់ការលុបបំបាត់ឱ្យបានទាំងស្រុង នូវការធ្វើទារុណកម្មគ្រប់ទម្រង់ នៅក្នុងប្រទេសកម្ពុជា គឺជាការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងពង្រឹងនីតិរដ្ឋនៅកម្ពុជា ។

នាឱកាសនោះដែរ លោកបានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំស្នងការដ្ឋាន ដែលបានផ្តល់កិច្ចសហប្រតិបត្តិការ និងទទួលស្វាគមន៍យ៉ាងកក់ក្តៅ ដែលនិងធ្វើឱ្យបេសកកម្មចុះត្រួតពិនិត្យនេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ៕