Connect with us

ព័ត៌មានជាតិ

អតីតយុទ្ធជនកម្ពុជាក្រីក្រ ១០៤គ្រួសារដែលមករស់កន្លែងថ្មី នៅស្រុកគាស់ក្រឡ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហម

(បាត់ដំបង) នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានរៀបចំសំណេះសំណាលនិងសួរសុខទុកព្រមទាំងផ្តល់អំណោយមនុស្សធម៌ជូនអតីតយុទ្ធជនកម្ពុជាក្រីក្រចំនួន ១០៤គ្រួសារ ដែលកំពុងរស់នៅ
ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។

នាឱកាសនោះដែរ ក្នុងនាមកាកបាទក្រហមកម្ពុជា ឯកឧត្តម សុខ លូ  បានសម្តែងនូវក្តីសោមនស្សរីករាយ និងបានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខចំពោះបងប្អូនអតីតយុទ្ធជនទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តការពារបូរណភាពទឹកដី និងពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ ជាពិសេសធ្វើឱ្យប្រទេសជាតិទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ។

ឯកឧត្តមបន្តលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជួយដល់ប្រជាជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទក្នុងសង្គម ជាពិសេសអតីតយុទ្ធជន និងបានសម្តែងនូវការគោរពកោតសរសើរដ៏ស្មោះអស់ពីដួងចិត្ត ចំពោះគុណបំណាច់ដ៏ថ្លៃថ្លាប្រកបដោយវីរភាព របស់អតីតយុទ្ធជន និងគ្រួសារដែលបានបូជាសាច់ស្រស់ ឈាមស្រស់ជូនជាតិមា តុភូមិ ជាក់ស្តែងបងប្អូនទាំង១០៤គ្រួសារ ដែលទទួលបានផ្ទះនិងដី ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់ដីសម្បទានសង្គមកិច្ចសាងសង់ផ្ទះជូនបងប្អូនអតីតយុទ្ធជននិងរួមជាមួយការបំពេញនូវតម្រូវការកសាងហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់។ល។

ឯកឧត្តមបន្តថា «ប្រមុខថ្នាក់ដឹកនាំ និងឥស្សរជនជាតិសំខាន់ៗបានខិតខំដោយលំបាក ក្នុងការស្វែងរកសុខសន្តិភាព និងកសាងប្រទេសឱ្យមានការរីកចម្រើនដូចសព្វថ្ងៃនេះ ដូច្នេះកាកបាទក្រហមកម្ពុជា ក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ ក៏បានចូលរួមចំណែកគិតគូរអំពីការលំបាក និងលើកស្ទួយជីវភាពរស់នៅរបស់អតីតយុទ្ធជនផងដែរ»។

ឯកឧត្តម សុខ លូ  បានសំណូមពរដល់បងប្អូនអតីតយុទ្ធជនទាំងអស់ ពេលទទួលបានដីសម្បទាន និងផ្ទះនេះហើយ សូមប្រើប្រាស់ឱ្យបានសមស្របក្នុងការបង្កបង្កើនផលសម្រាប់លើកស្ទួយជីវភាពគ្រួសារ និងចេះថែរក្សាផ្ទះសម្បែងជាកេរមរតដ៏ថ្លៃថ្លានេះឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយរស់នៅ និងអាស្រ័យផលបន្តទៀត និងសូមអោយបងប្អូនទាំងអស់ថែរក្សាសុខភាពឱ្យបានល្អ មើលថែកូនចៅឱ្យបានដិតដល់ ប្រកាន់ខ្ជាប់នូវការហូបស្អាត រស់នៅស្អាត ។

សូមបញ្ជាក់ថា អំណោយសាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនគ្រួសារនីមួយៗរួមមាន! ,អង្ករ៥០គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង,ទឹកបរិសុទ្ធ១កេស,ទឹកត្រី៦ដប និងទឹកស៊ីអ៉ីវ៦ដបផងដែរ។