Connect with us

ព័ត៌មានជាតិ

ឯកឧត្តម គៀត ច័ន្ទថារិទ្ធ ចុះត្រួតពិនិត្យកន្លែងប្រថាប់ត្រាថ្មី នៅច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត

បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញចុះសំណេះសំណាល និងត្រួតពិនិត្យកន្លែងប្រថាប់ត្រាថ្មី ទូរឡាន ម៉ូតូ និងរទេះ ចេញ-ចូល តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីកាត់បន្ថយការកក់ស្ទះអ្នកដំណើរចេញ-ចូលប្រទេស ។

ពិធីនេះប្រព្រឹត្តទៅ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១ អនុប្រធាននាយកដ្ឋាន និងលោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត រួមមន្ត្រីនគរបាលច្រក​ទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត ជាច្រើនរូបទៀតផងដែរ ។

លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន បានឲ្យដឹងថា ក្នុងដំណើរនេះ ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញចុះត្រួតពិនិត្យសកម្មភាព ដំណើរចេញ-ចូល ឆ្លងកាត់តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត របស់ភ្ញៀវជាតិ អន្តរជាតិ ជាពិសេសចំពោះពលករ និងអាជីវករខ្មែរប្រើប្រាស់ប័ណ្ណព្រំដែនចេញព្រឹក ចូលល្ងាច ដើម្បីទៅប្រកបមុខរបប្រចាំថ្ងៃផ្សេងៗ នៅផ្សាររោងក្លឿ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ។ និងបានត្រួតពិនិត្យកន្លែងប្រថាប់ត្រាថ្មី ទូរឡាន ម៉ូតូ និងរទេះ ចេញ-ចូល ដើម្បីកាត់បន្ថយការកក់ស្ចះអ្នកដំណើរចេញ-ចូល ប្រទេស ហើយប៉ុស្តិ៍បានធ្វើបញ្ជារប្រថាប់ត្រា៨បញ្ជារចេញ ៨បញ្ជារចូល ។

មានប្រសាសន៍ក្នុងពិធីនេះដែរ ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ បានផ្តាំផ្ញើដល់មន្រ្តីអន្តោប្រវេសន៍យកចិត្តទុកដាក់ ក្នុងការបំរើសេវាសាធារណៈជូនភ្ញៀវជាតិ អន្តរជាតិ ឲ្យបានល្អ និងគោរពវិន័យ០០៦ នគរបាលជាតិ និងអនុវត្តតាមជំនាញរបស់ខ្លួន ឲ្យមានប្រសិទ្ឋភាព ដែលថ្នាក់ដឹកនាំប្រគល់ជូន ។ ឯកឧត្តមក៏បានសម្តែងនូវការកោតសសើរដល់លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត រួមនិងមន្ត្រីក្រោមឱវាទ ដែលបានខិតខំបំពេញភារកិច្ចការងារបានយ៉ាងល្អ នៅពេលកន្លងមក ៕