Connect with us

ព័ត៌មានជាតិ

សិស្សប្រឡងបាក់ឌុបឆ្នាំ២០២៣ ជាប់និទ្ទេសA ៨២នាក់ នៅខេត្តបន្ទាយមានជ័យ ទទួលបានកុំព្យូទ័រម្នាក់១គ្រឿង ពីឯកឧត្តម អ៊ុំ រាត្រី

បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២៤នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីចែករង្វាន់លើកទឹកចិត្ត ដល់សិស្សប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ នៅខេត្តបន្ទាយមានជ័យ ឆ្នាំ២០២៣ ដែលជាប់និទ្ទេសA ចំនួន៨២នាក់ ។

លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិនៅខេត្តបន្ទាយមានជ័យ ឆ្នាំសិក្សាឆ្នាំ ២០២២-២០២៣ កន្លងទៅនេះ មានបេក្ខជន បេក្ខនារី ក្នុងបញ្ជីចូលរួមប្រឡងមានចំនួន ៦.១៦៨នាក់ /បេក្ខនារី មាន ៣.៣៧៧នាក់ ។ បេក្ខជនបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានចំនួន ៤.១៤៣នាក់ស្រី ២.៥០៥នាក់ បេក្ខជនជាប់ចំណាត់ថ្នាក់ និទ្ទេស A មានចំនួន៨២នាក់ ស្រី៤៣នាក់ និទ្ទេស B ចំនួន ៣៣១នាក់ ស្រី២០៧នាក់ និទ្ទេស C មានចំនួន ៦៤៦ នាក់ ស្រី៤៣៥ និទ្ទេស D មានចំនួន ១.៤១៨នាក់ ស្រី៨៧១ និងនិទ្ទេស E ចំនួន១.៦៦៦នាក់ស្រី៩៤៩នាក់ ។

ជាមួយគ្នានេះឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ឆ្នាំ២០២៣ នេះ បេក្ខជនប្រឡង ទាំងអស់ គោរពតាមគោលការណ៍ប្រឡងបាក់ឌុបបានល្អ មានវិន័យតឹងរឹងខ្លាំង ការប្រឡងនេះ មានស្តង់ដារ គុណភាពខ្ពស់ បេក្ខជន បេក្ខនារី គោរពម៉ោង រួមទាំង វិន័យប្រឡង មិនយកសំណៅឯកសារ ចម្លើយ ក៏ដូចឧបករណ៍ អេឡិចត្រូនិចចូលក្នុងថ្នាក់ប្រឡង ពោលគឺគោរពតាមបទបញ្ជាបទបញ្ញត្តិ ដែលក្រសួងបានដាក់ចេញ បានគ្រប់ជ្រុងជ្រោយទាំងអស់ អ្នកចេះ គឺជាប់ បេក្ខជននិងបេក្ខនារី មិនបានផ្ទុយនិងបទបញ្ញត្តិនិងកម្រិតវិន័យរបស់ក្រសួងអប់រំឡើយ។

ឯកឧត្តមមានប្រសាសន៍សង្ឃឹមនិងជឿជាក់យ៉ាងមាំថា សិស្សានុសិស្សគ្រប់ជំនាន់ នឹងរក្សាបាននូវលទ្ធផលដ៏ឆ្នើមនេះបន្ថែមទៀត ដើម្បីលើកស្ទួយមុខមាត់ខេត្តបន្ទាយមានជ័យបន្ថែមទៀត ៕