Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច ចុះធ្វើការកិច្ចសន្យាជាមួយខេធីវី AZIB និងG9 នៅក្រុងប៉ោយប៉ែត ក្រោយបែកធ្លាយ រូបភាពមានទាំងល្បែងស៊ីសង និងប្រើប្រាស់គ្រឿងញៀន

បន្ទាយមានជ័យ ៖ សមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត បានចុះធ្វើការកិច្ចសន្យាជាមួយ KTV AZIB និងG9 នៅក្រុងប៉ោយប៉ែត ក្រោយបែកធ្លាយ រូបភាពមានទាំងល្បែងស៊ីសង និងប្រើប្រាស់គ្រឿងញៀន ។

ការចុះត្រួតពិនិត្យ និងធ្វើកិច្ចសន្យានេះ ធ្វើឡើងដោយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរជ្រៅនិងប៉ុស្តិ៍ប៉ោយប៉ែតនៃអធិការក្រុងប៉ោយប៉ែត កាលពីថ្ងៃទី១២ និង១៣ ខែមករា ឆ្នាំ២០២៤ ទៅលើទីតាំងទាំងពីរខាងលើ ដោយក្នុងខ្លឹមសារ នៃកិច្ចសន្យា របស់សមត្ថកិច្ចនគរបាលក្រុងប៉ោយ ទៅលើទីតាំងខាងពីរខាងលើគឺ ៖ ទី១.គោរពតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា, ទី២.បានហាមឃាត់មិនអោយមានការប្រើប្រាស់ និងជួញដូរនៅសារធាតុញៀន ក្នុងខារ៉ាអូខេ ហាមជូញដូរផ្លូវភេទ មិនប្រព្រឹត្តបទល្មើសផ្សេងៗ ត្រូវសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវរាយការណ៍ជូនសមត្ថកិច្ច ពេលមានបទល្មើសផ្សេងៗ និងមិនលួចបង្កប់ល្បែងស៊ីសងខុសច្បាប់ នៅក្នុងខារ៉ាអូខេ។

សូមបញ្ជាក់ថា ថ្មីៗនេះ មានរូបភាពដែលបានបញ្ជាក់អំពីសកម្មភាព និងទិដ្ឋភាព នៃការប្រើប្រាស់នូវសារធាតុញៀន របស់មន្ត្រីប៉ូលិសម្នាក់ ក្នុងខេធីវីមួយកន្លែងយីហោ G9 KTV ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែត និងសកម្មភាពបង្កប់ល្បែងស៊ីសង និងតែងឮសម្លេងចេញពីខាងក្នុងKTV មកក្រៅនៅភ្លេងញាក់ ៗ ២៤ម៉ោងលើក២៤ម៉ោង ពីខាងក្នុងខារ៉ាអូខេយីហោ អេហ្សីប KTV ស្ថិតនៅភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ជាមួយគ្នានេះលោកវរសេបីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានអោយដឹងថា តាមការចុះត្រួកពិនិត្យ សមត្ថកិច្ចរកមិនឃើញបទល្មើសផ្សេងទេ ក្រៅពីខារ៉ាអូខេ ទើបអោយធ្វើកិច្ចសន្យាដូចខាងលើ។ ដោយឡែក ចំពោះរូបភាពដែលគេបង្ហោះ គឺជា រូបចាស់។

ក្រោយសមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត ចុះធ្វើកិច្ចសន្យា នៅតាមខារ៉ាអូខេទាំងពីរ មានការគាំទ្រ និងសាទរជាខ្លាំង ពីមហាជននៅក្រុងប៉ោយប៉ែត ហើយសង្ឃឹមថា សមត្ថកិច្ច នឹងមានការលុបបំបាត់ ការប្រើប្រាស់នូវសារធាតុញៀន និងបង្កប់ល្បែងស៊ីសង ដោយខុសច្បាប់នៅតាមខារ៉ាអូខេ នៅទូទាំងក្រុងប៉ោយប៉ែតទាំងមូល និងមិនអោយកើតឡើងម្ដងទៀត ៕