Connect with us

ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត បាន ស្រីមុំ ចុះពិនិត្យមើលការកែសម្រួលសួនពុះចែកទ្រូងផ្លូវ ដើម្បីបញ្ជាសគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សោភ័ណភាពខេត្តប៉ៃលិន

ប៉ៃលិន ៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យមើលការកែសម្រួលសួនពុះចែកទ្រូងផ្លូវ នៅលើដងផ្លូវជាតិលេខ៥៧ ដើម្បីបញ្ជាសគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សោភ័ណភាពក្នុងទីរួមខេត្ត។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ថា ការចុះពិនិត្យមើល ការកែសម្រួលសួនពុះចែកទ្រូងផ្លូវ លើដងផ្លូវជាតិលេខ៥៧ ចាប់ពីចំណុច មុខវត្តរតនសោភ័ណ ហៅវត្តកោងកាង រហូតដល់វិមានឯករាជ្យខេត្ត ដែលកន្លងមកតែងតែបង្ករជាគ្រោះថ្នាក់ចរាចរណ៍ជាច្រើនករណី ធ្វើអោយប្រជាពលរដ្ឋរងរបួស និងបាត់បង់អាយុជីវិតជាច្រើននាក់ ដូច្នេះការកែសម្រួលសួនពុះចែកទ្រូងផ្លូវនាពេលនេះ គឺដើម្បីបញ្ជាសគ្រោះថ្នាក់ចរារណ៍ផង និងដើម្បីលើកកម្ពស់សោភ័ណ្ឌភាពក្នុងទីក្រុង។

ជាមួយគ្នានេះលោកជំទាវ បាន ស្រីមុំ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ និងត្រូវរួមគ្នាសំអាតអនាម័យបរិស្ថាន ដោយត្រូវវេចខ្ចប់កាកសំណល់សំរាមឲ្យបានល្អ និងនាំយកទៅទុកដាក់ឲ្យបានត្រឹមត្រូវតាមក្បួនខ្នាត ជៀសវាងការបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់ ដែលធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព និងអនាម័យសាធារណៈ។

លោកជំទាវអភិបាលខេត្ត បានចាត់អោយមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ធ្វើការកែសម្រួលសួនពុះចែកទ្រូងផ្លូវ នៅលើដងផ្លូវជាតិលេខ៥៧ ចំនួន២ចំណុច ទី១-មុខការ៉ាស់សាំង តូតាល់ និងទី២-មុខសណ្ឋាគារមាសសោភា ដែលកន្លងមកជួបគ្រោះថ្នាក់ចរាចរណ៍ដោយសារផ្លូវនេះ។

សូមបញ្ជក់ថា រដ្ឋបាលខេត្តប៉ៃលិន ក្រោមការដឹកនាំរបស់លោកជំទាវ បាន ស្រីមុំ បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ការដាំផ្កាលំអបន្ថែម និងការថែទាំ ព្រមទាំងការកែរលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ សួនពុះចែកទ្រូងផ្លូវឱ្យកាន់តែល្អឡើង ដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន សុខភាព ក៍ដូចជាបន្ថែមក្រវាត់ពណ៌បៃតងក្នុងទីក្រុង ប្រកបដោយសោភ័ណភាពស្រស់បំព្រង ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្តប៉ៃលិន ឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង៕