Connect with us

ព័ត៌មានជាតិ

ផ្ទុះរឿងថ្មីទៀតហើយ!លោកឧត្តមសេនីយ៍ស្នងរងខេត្តកំពង់ស្ពឺម្នាក់ក្លែងឯកសារ លួចរៀបការប្រពន្ធថ្មី គ្រាដែលប្រពន្ធដើមមិនទាន់បានលែងលះនៅឡើយ

កំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ដែលគេស្គាល់យ៉ាងច្បាស់ជាស្នងការរងនៃស្នងការនគរបាលខេត្តកំពង់ស្ពឺ បានលួចរៀបការប្រពន្ធម្នាក់ទៀត គ្រាដែលប្រពន្ធដើមនៅមិនទាន់បានលែងលះនៅឡើយ។

យោងតាមប្រភពពីមន្ត្រីសាលាឃុំកាហែង បានឱ្យដឹងថាលោក ង៉ាម រី ឬលោក ឃុត វឌ្ឍនា បានមកស្នើសុំចុះសំបុត្រអាពាហ៍ពិពាហ៍ ត្រឹមត្រូវដែលមានការបញ្ជាក់ពីភាពពោះម៉ាយដោយលោកចៅសង្កាត់បឹងសាឡាង និង មានទីលំនៅភូមិ១២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

លោក ង៉ាម រី បានពាក្យស្នើចុះសំបុត្រអាពាហ៍ពិពាហ៍ ដោយប្តូរពីឈ្មោះដើមមកឈ្មោះ ឃុត វឌ្ឍនា រស់នៅភូមិខ្នរ ឃុំព្រែលាប ស្រុកមុខកំពូល ខេត្តកណ្តាល ត្រូវរៀបការនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នៅផ្ទះខាងស្រីភូមិស្រែថ្នល់ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាមួយកូនស្រីឈ្មោះ ឃិន ស្រស់ មុខរបរលក់ដូរ។

មន្ត្រីសាលាឃុំកាហែងក៏បានបញ្ជាក់ផងដែរថា ចំពោះសំណើរសុំការចេញប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ អាជ្ញាធរឃុំក៏បានសម្រេចឯកភាពជូនសាម៉ីខ្លួនទាំងពីរហើយដែរ។

ពាក់ពន្ធ័និងការក្លែងឯកសារដើម្បីរៀបការប្រពន្ធថ្មី ប្រពន្ធដើមរបស់លោក ង៉ាម រី មិនបានធ្វើការអធិប្បាយនោះទេ គ្រាដែលអ្នកយកព័ត៌មានយើងទាក់ទងសុំការបំភ្លឺ តែលោកស្រីគ្រាន់តែបាននិយាយយ៉ាងខ្លីថាលោកស្រីកំពុងតែធ្វើដំណើរទៅកាន់ខេត្តកំពង់ស្ពឺ ហើយរឿងរ៉ាវយ៉ាងណា លោកស្រីនឹងប្រាប់នៅពេលក្រោយ។

ជុំវិញករណីនេះដែរលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងតាមទូរសព្ទ័នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះថា រឿងលោកឧត្តមសេនីយ៍ត្រី ង៉ាម រី ស្នងការងរៀបការនោះលោកមិនបានដឹងទេ ពីព្រោះគេមិនបានប្រាប់លោកឡើយ ហើយក៏មិនបានអញ្ជើញជាភ្ញៀវកិត្តិយសក្នុងពិធីពិសារភោជនាហារនាថ្ងៃនោះដែរ។មួយវិញទៀត គ្មានមន្ត្រីនគរបាលណាម្នាក់ដែលបម្រើការងារក្នុងអង្គភាពនិងជាកូនចៅផ្ទាល់របស់លោក ង៉ាម រី ឬលោក ឃុត វឌ្ឍនា ត្រូវបានហៅឬអញ្ជើញឱ្យចូលរួមដែរ ហើយចំពោះករណីនេះរូបលោកក៏មិនអាចបកស្រាយដែរ ដោយលោកស្នងការគ្រាន់តែបានបញ្ជាក់យ៉ាងខ្លីថា មកទល់រសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ ប្រពន្ធដើមលោកឧត្តមសេនីយ៍ត្រី ង៉ាម រី ស្នងការរងបានមកដាក់ពាក្យប្តឹងជាផ្លូវការហើយដើម្បីទប់ស្កាត់ពិធីមង្គលការខាងលើ។

ជាមួយនិងដំណឹងរៀបការរបស់លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ឬលោក ឃុត វឌ្ឍនា អ្នកយកព័ត៌មានយើងក៏មិនអាចទទួលការបំភ្លឺបានដែរ ខណៈតេចូលច្រើនដងមិនមានអ្នកលើក។

មហាជនបានដាក់ការងឿងឆ្ងល់ថា បើលោកពិតជារៀបការស្របតាមច្បាប់មែន ចាំបាច់អីក្លែងឈ្មោះ ង៉ាម រី ទៅជាឈ្មោះ ឃុត វឌ្ឍនា និងក្លែងទីលំនៅថែមទៀត មិនតែប៉ុណ្ណោះសូម្បីតែមន្ត្រីក្នុងខេត្តក៏លោកមិនបានហៅនរណាម្នាក់ឡើយ រួមទាំងស្នងការដែលជាមេកើយផងដែរ។មហាជនកំពុងរងចាំមើលថា តើពិធីអាពាហ៍ពិពាហ៍អាចដំណើរទៅបានដោយរលូនដែរឬយ៉ាងណា ហើយភរិយាដើមអាចបំពេញបំណងស្វាមីដែលជាឧត្តមសេនីយ៍ស្នងការរងនេះបានដែរឬទេ។