Connect with us

ព័ត៌មានជាតិ

Update ៖ លោកឧត្តមសេនីយ៍ស្នងការរងខេត្តកំពង់ស្ពឺ ដែលក្លែងឯកសារដើម្បីរៀបការប្រពន្ធថ្មី ត្រូវបានឃាត់ខ្លួនហើយ

កំពង់ស្ពឺ ៖ លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ដែលគេស្គាល់យ៉ាងច្បាស់ថា ជាស្នងការរងនៃស្នងការនគរបាលខេត្តកំពង់ស្ពឺ ត្រូវបានអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺបញ្ជាឱ្យឃាត់ខ្លួនហើយ ក្រោយពីបែកធ្លាយថា បានក្លែងឯកសារដើម្បីរៀបការប្រពន្ធថ្មី គ្រាដែលប្រពន្ធដើមនៅមិនទាន់បានលែងលះដាច់ស្រេច។

នេះបើតាមការឱ្យដឹងពីលោក ស៊ិន វិរៈ ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ នាព្រលប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ។

លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ឬ ឃុត វឌ្ឍនា កំពុងត្រូវឃាត់ខ្លួនតាមអាធិបញ្ជារបស់អយ្យការ ហើយកំពុងស្ថិតនៅក្រោមការស៊ើបសួររបស់មន្ត្រីជំនាញនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។

សូមបញ្ជាក់ថាលោក ង៉ាម រី ឬលោក ឃុត វឌ្ឍនា បានដាក់ពាក្យស្នើសុំចុះសំបុត្រអាពាហ៍ពិពាហ៍ ដើម្បីរៀបការជាមួយនារីម្នាក់ ដែលជាអាជីវករនៅក្នុងឃុំកាហែង ទាំងមិនទាន់បានលែងលះប្រពន្ធដើមដាច់ស្រេច។

ជាមួយនិងការដាក់ពាក្យស្នើរសុំរៀបអាពាហ៍ពិពាហ៍នេះ លោក ង៉ាម រី បានក្លែងឯកសារដោយដូរឈ្មោះ ទីកន្លែងរស់នៅ និងបញ្ជាក់ភាពពោះម៉ាយ ដោយចៅសង្កាត់បឹងសាឡាង រាជធានីភ្នំពេញ ។ ជាមួយនិងការដាក់ពាក្យស្នើសុំដើម្បីរៀបអាពាហ៍ពិពាហ៍នេះដែរ អាជ្ញាធរឃុំកាហែង ក៏បានឯកភាព ហើយសាម៉ីខ្លួនទាំងសងខាង ក៏បានបោះធៀបហៅភ្ញៀវដើម្បីអបអរសាទរពិធីមង្គល ដែលនឹងរៀបចំឡើងនៅថ្ងៃ១៩ ខែមករា ឆ្នាំ២០២៤ រួចរាល់ហើយដែរ។

ពាក់ពន្ធ័និងចំណាត់ការយ៉ាងណា ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ លោក ស៊ិន វិរៈ នៅមិនទាន់បញ្ជាក់ឱ្យច្បាស់នៅឡើយទេ គ្រាដែលសំណុំរឿងនេះកំពុងស្ថិតក្នុងនីតិវិធីស៊ើសសួរ៕

អត្ថបទ៖ ប៊ុត សារុន