Connect with us

ព័ត៌មានជាតិ

ប្រកាសព្រះអនុគណក្រុងប៉ោយប៉ែតថ្មី ជំនួសអនុគណចាស់ ដែលលាចាកសិក្ខបទ ដោយសារស្រីម្នាក់ ប្តឹងពីបទរំលោភ

បន្ទាយមានជ័យ ៖ ព្រះសមណៈភីរ័ត ប៉ោ សុខឿន ព្រះចៅអធិការវត្តកូនដំរី ត្រូវបានជ្រើសរើសនិងប្រកាសឱ្យទៅជាព្រះគ្រូអនុគណក្រុងប៉ោយប៉ែតថ្មី ជំនួសអន្ទិត ប៉ុក ចំរើន អតីតអនុគណក្រុងប៉ោយប៉ែត ដែលបានលាចាកសិក្ខាបទ បន្ទាប់ពីបែកធ្លាយរឿងអាស្រូវ ត្រូវស្រ្តីម្នាក់ ប្តឹងពីបទរំលោភសេពសន្ថវៈ ។

លោក បៀវ ថាន ប្រធានមន្ទីរ ធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ បានបញ្ជាក់ឲ្យដឹងថា ដើម្បីពង្រឹងនូវគុណភាពក្នុងការដឹកនាំគ្រប់គ្រងដោយព្រះសង្ឃ ឲ្យមានរបៀបរៀបរយ ព្រះមន្ត្រីសង្ឃខេត្ត បានសហការជាមួយមន្ទីរធម្មការ និងសាសនាខេត្ត ប្រជុំបន្ទាន់មួយកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ស្ដីពី ការជ្រើសរើសព្រះអនុគុណក្រុងប៉ោយប៉ែតថ្មី ជំនួសអន្ទិត ប៉ុក ចំរើន អតីតអនុគណក្រុងប៉ោយប៉ែត ត្រូវបានលាចាកសិក្ខាបទកាលពីពេលកន្លងទៅថ្មីថ្មីនេះ ។ ដូចនេះត្រូវធ្វើការរៀបចំជ្រើសរើសរចនាសម្ព័ន្ធ ទៅតាមឋានានុក្រម ដោយព្រះសមណៈភីរ័ត ប៉ោ សុខឿន ឱ្យទៅជាព្រះគ្រូអនុគណក្រុងប៉ោយប៉ែត ចាប់ពីថ្ងៃនេះតទៅ។

ជាមួយនឹងការប្រការនេះ ព្រះវិជ័យមុនី ធុល សុធាព្រះមេគណខេត្ត និងលោក យឹម សំណាងអភិបាលរងខេត្ត បានមានសង្ឃដីកានិងប្រសាសន៍ផ្តាំផ្ញើដល់ព្រះមន្ត្រីសង្ឃនៃក្រុងប៉ោយប៉ែត ដែលត្រូវបានប្រកាសតែងតាំងនៅថ្ងៃនេះ សូមរួបរួមគ្នារក្សានូវសុខសន្តិភាពសាមគ្គីផ្ទៃក្នុង រម្ងាប់អធិករណ៍ដែលកើតមានឡើង ព្រោះថា សាមគ្គីភាពគឺជាចលករនៃសន្តិភាព កាលណាបើសង្គមមួយ មានសាមគ្គីភាពដើរលើគន្លងតូចចង្អៀត សង្គមនោះ នឹងទទួលសាមគ្គីផល ខ្សត់ខ្សោយ អត្តខាត់ តែបើសង្គមណាមានសាមគ្គីភាពល្អទូលំទូលាយប្រសើរសង្គមនោះ នឹងទទួលបាននូវសមិទ្ធិផលដ៏គាប់ប្រសើរ ដែរ។

តាមរយៈការប្រកាសតែងតាំង មន្រ្តីសង្ឃថ្មីនេះ ពលរដ្ឋដែលកាន់ពុទ្ធសាសនា ក៏ដូចជាពុទ្ធបរិស័ទ ដែលតែងតែគាំទ្រលើវិស័យពុទ្ធសាសនា សូមអោយអាជ្ញាធរក៏ដូចមន្ទីរជំនាញ ព្រះមេគុណខេត្ត និងព្រះអនុគណក្រុងស្រុងទាំងអស់ ធ្វើយ៉ាងណាអោយព្រះសង្ឃ ប្រកាន់ខ្ជាប់នូវធម៌វិន័យ ចៀសវាងការប្រកាន់បក្ខពួក បង្កអធិករណ៍ធ្វើឱ្យប្រជាពុទ្ធបរិស័ទ បាត់បង់នូវជំនឿ អាចជះឥទ្ធិពលអាក្រក់ដល់ព្រះពុទ្ធសាសនា៕