Connect with us

ព័ត៌មានជាតិ

ពលរដ្ឋរងគ្រោះដោយអគ្គិភ័យនៅឃុំឈើទាល ទទួលបានអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមស្រុកបាណន់

បាត់ដំបង ៖ កាលពីព្រឹកថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាណន់ ដឹកនាំដោយ លោក ស្រេង សុខា អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខា បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋចំនួន០១គ្រួសារ ដែលរងគ្រោះដោយសារអគ្គិភ័យ(ឆេះផ្ទះនិងរោងចិញ្ចឹមមាន់) កាលពីវេលាម៉ោង៤និង០០នាទីទៀបភ្លឺ ស្ថិតនៅចំណុចក្រុមទី១៤ ភូមិបត់សាលា ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។

នាឱកាសជួបសំណេះសំណាលនោះដែរ លោក ស្រេង សុខា ប្រធានគណៈកម្មាធិការអនុសាខាស្រុក បានពាំនាំនូវការចូលរួមសោកស្តាយពីឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសាររងគ្រោះ ព្រមទាំងបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់គិតគូរខ្ពស់ជាប់ជានិច្ចរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតចំពោះសុខទុក្ខប្រជាពលរដ្ឋជាទូទៅ ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពីវណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ពោល “ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា“ ។

បន្ថែមពីនេះលោកប្រធានក៏សូមឱ្យគ្រួសាររងគ្រោះមេត្តាកាត់ចិត្ត កុំអស់សង្ឃឹម ឱ្យតែនៅមានជីវិតរស់នៅ គឺបងប្អូនអាចប្រកបរបររកទទួលទានដើម្បីស្តារជីវភាពគ្រួសារឡើងវិញ ព្រមទាំងសូមអំពាវនាវក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងការបង្ការចំពោះគ្រោះអគ្គិភ័យនេះ ។

អំណោយមនុស្សធម៌ដែលបានផ្តល់ជូនរួមមាន៖ អង្ករចំនួន១០០គីឡូក្រាម, មី ០១កេស ,ទឹកត្រី ០១យូរ ,ទឹកស៊ីអ៊ីវ ០១យូរ ,ត្រីខ ០១យូរ ,ទឹកសុទ្ធ ០១កេស ,សំពត់តង់ ០១ផ្ទាំង ,ធុងទឹក ០១ ,កាទឹក ០១ ,មុង ០១ ,ភួយ ០១ និងថវិកាមួយចំនួនផងដែរ ។